មណ្ឌលគិរី៖លោក ញ៉ន សិទ្ធ អភិបាលខេត្តស្តីទី បានណែនាំដល់មន្រ្តីពន្ធនាគារខទាំងអស់ សូមកុំភ្លេចកូវីដ ព្រោះកូវីដ មិនអាចភ្លេចយើងនោះទេ ។ ប្រសាសន៍នេះ ត្រូវបានលោកអភិបាលខេត្តស្តីទីមណ្ឌលគិរី ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការពង្រឹងការងារគ្រប់គ្រង សំដៅលើកកម្ពស់សមត្ថភាពមន្រ្តី នៅពន្ធនាគារខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៧ សីហា ២០២០ ។
អភិបាលខេត្តស្តីទី បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការគ្នា ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ លើការងាររបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ។ លោកបាន ក្រើនរំលឹកដល់មន្រ្តីពន្ធនាគារខេត្តទាំងអស់ សូមកុំភ្លេចបន្តការប្រុងប្រយ័ត្ននិងការពារនូវជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញសកលលោក ហើយប្រទេសកម្ពុជាយើង ក៏ប្រឈមផងដែរ ដូច្នេះសូមមន្រ្តីនៃពន្ធនាគារទាំងអស់ក្នុងខេត្តមណ្ឌលគិរី ត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋា
ភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជារលកទី២នេះ ។
លោកអភិបាលខេត្តស្តីទី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ឲ្យបន្តយកចិត្តទុកដាក់ ក្នុងអនុវត្តការងារស្របតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់ ត្រូវលើកកម្ពស់សមត្ថភាព តាមរយៈរៀនសូត្រដោយខ្លួនឯង ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក និងត្រូវបំពេញការងារប្រកបដោយចក្ខុវិស័យ មានផែនការការងារច្បាស់លាស់ រៀបចំកិច្ចការងារប្រចាំថ្ងៃឲ្យក្លាយជាការងារចរន្ត មានគណនេយ្យភាពចំពោះមុខងារ តួនាទីភារកិច្ចរបស់ខ្លួន ជា
ពិសេស ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕