កំពង់ឆ្នាំង៖ រសៀលថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដោយមានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗនៃលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាបជូនអង្គពិធីដូចជាការបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធ ការបណ្តុះបណ្តាលកសិករអំពី “បច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ” បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះ បានរៀបចំសិក្ខាសាលាស្តីពី “ការគាំទ្រការសម្រេចចិត្តដោយមានការចូលរួម” ជាមួយកសិករ បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេកវិទ្យាក្រោយការប្រមូលផល” បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ។
ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។ ក្រៅពីចំណេះដឹងដូចទាំងនេះ សម្រាប់ខេត្តកំពង់ឆ្នាំង កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន៖ ឈើហូបផ្លែ មាន់ពូជ និងទា កូនត្រី និងកូនកង្កែប ចំណីមាន់ និងជីធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់លើការងារបង្ករបង្កើនផល (ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។
នៅចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីការពារពីជម្ងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ៕