ខេត្តស្វាយរៀង៖មានការរិះគន់ពីអ្នកលក់ឈើតាមដេប៉ូមួយចំនួននៃខេត្តស្វាយរៀងបានចោទប្រកាន់ថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ)ចាន់ វ៉ា នៅភូមិតាប៉ឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀងលក់រាយខុសច្បាប់រោងសន្និធិធ្វើឲ្យប៉ះពាល់ដល់អ្នកលក់ឈើតាមដេប៉ូហើយអ្នកខ្លះទៀតដាក់ការសង្ស័យថា ឃើញមានការផ្ទេរឈើ ពីរថយន្តធំដែលមានប៉េសេដាក់រថយន្តធុនតូច(រថយន្តកូរ៉េ, រថយន្តធូរីស និងរ៉ឺម៉កម៉ូតូ)ដឹកចេញនិងមួយចំនួនដាក់ស្តុកទុកក្នុងរោងសន្និធិហើយលក់រាយ។ការរិះគន់នេះកើតឡើងនៅថ្ងៃទី៧សីហា២០២០។
បើតាមបុគ្គលិករោងសន្និធិ ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ)ភូមិតាប៉ នេះគ្រប់គ្រងដោយលោកឃ្លាំងសាយ គឺមានច្បាប់អនុញ្ញាតិ ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ប្រធានរដ្ឋបាលព្រៃឈើ អនុញ្ញាតិឲ្យលោកចាន់ វ៉ា បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ(ច្រកចេញចូលតែមួយ)ជាបណ្តោះអាសន្នមួយកន្លែងមានទីតាំងស្ថិតនៅភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀង។ដែលមានវត្ថុធាតុដើម ឈើ សម្រាប់ផ្គត់ផ្គង់រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើធំ(ច្រកចេញចូលតែមួយ)មានប្រភពមកពីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនញូឡាញខេម
ភីធីរ៉ាយអឹលធីឌី ស្ថិតនៅក្នុងខេត្តក្រចេះនិងពីប្រភពស្របច្បាប់ផ្សេងទៀត។
ទាក់ទិនរោងសន្និធី(ច្រកចេញចូលតែមួយ)នេះសមត្ថកិច្ចក៏ដូចអ្នកលក់ឈើតាមដេប៉ូបានបង្ហើបឲ្យដឹងថា ច្បាប់អនុញ្ញាតិរោងសន្និធិ(ច្រកចេញចូលតែមួយ)គឺមិនអនុញ្ញាតិបើកជាដេប៉ូស្តុកឈើលក់រាយនោះទេ គឺពេលមានម្ចាស់ដេប៉ូណាមួយត្រូវការទិញឈើដាក់លក់ត្រូវស្នើសុំតាមរយៈម្ចាស់រោងសន្និធិ(ច្រកចេញចូលតែមួយ)ដោយកំណត់ចំនួនម៉ែត្រត្រីគុណឬម៉ែត្រគូបដោយមានការបញ្ជាក់ប៉េសេ ពីមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកដោយរថយន្ត ម៉ាកលេខ រយៈពេល ថ្ងៃ ទីតាំងរោងសន្និធិ ដេប៉ូដាក់ឈើ ។
ពេលឈើទៅដល់រោងសន្និធិមន្ត្រីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យប្រភេទឈើ ចំនួនឈើ និងច្បាប់អនុញ្ញាតិ ប៉េសេ បើត្រឹមត្រូវហើយ ទើបអនុញ្ញាតិឲ្យដឹកឈើទៅទម្លាក់នៅតាមរោងដេប៉ដែលស្នើសុំទិញ មិនអនុញ្ញាតិឲ្យទម្លាក់ឈើចុះ ផ្ទេររថយន្តថ្មី ឬទម្លាក់ដាក់ក្នុងរោងសន្និធិ បែងចែកឬស្តុកទុកលក់រាយទេ។
ប្រភពដ៏ដែលបន្តថា កន្លងមករោងសន្និធិ ចាន់វ៉ា នៅភូមិតាប៉ មានទម្លាក់ឈើស្តុកទុកក្នុងរោងសន្និធិ ហើយផ្ទេររថយន្ត និងលក់រាយ។ហើយគេឃើញមានរថយន្តធុនតូចប្រភេទធូរិស និងរថយន្តកូរ៉េចំណុះ១តោនកន្លះដឹកឈើទៅទម្លាក់លាក់ទុកតាមព្រំដែនជិតច្រករបៀងនាពេលយប់សមត្ថកិច្ចសង្ស័យថា មានការនាំឈើចេញទៅប្រទេសជិតខាងដោយខុសច្បាប់ និងមានដឹកឈើប្រណិតច្រាកទៃ ដឹកតាមម៉ូតូ ចេញពីស្រុកស្វាយជ្រំទៅកាន់ច្រករបៀងក្នុងឃុំបុសមនស្រុករំដួលនិងឃុំថ្នាធ្នង់ស្រុករំដួលបម្រុងចេញទៅប្រទេវៀតណាម។
ទាក់ទិនករណីនេះដែរលោកឃ្លាំងសាយ ម្ចាស់គ្រប់គ្រងរោងសន្និធិ(ច្រកចេញចូកតែមួយ)ចាន់ វ៉ា នៅភូមិតាប៉ បានឲ្យដឹងថា ដោយមានផ្ទុះជម្ងឺកូវីដ-១៩ គឺការលក់ឈើ តាមដេប៉ូ មានការថយចុះគ្មានអតិថិជនមកទិញ ហើយដេប៉ូឈើមួយចំនួនគ្មានលុយទិញឈើដាក់ដេប៉ូដល់៣០ទៅ៤០ម៉ែត្រគូបទេដូច្នេះលោកទិញឈើពីក្រុមហ៊ុនចេញពីព្រៃមកច្រើនត្រូវទម្លាក់បែងចែកតាមដេប៉ូ ដេប៉ូខ្លះទិញត្រឹម១៥ម៉ែត្រគូបខ្លះ២០ម៉ែត្រគូបខ្លះ១២ម៉ែត្រគូប លោកត្រូវសរសេរវិក្ក័យបត្រឬប៉េសេ បំបែកជាបីប៉េសេឲ្យម្ចាស់ដេប៉ូដឹកចេញ ហើយបើតាមដេប៉ូយកមិនអស់គឺត្រូវទម្លាក់ស្តុកទុកក្នុងឃ្លាំងរោងសន្និធិ គឺគ្នានការលក់រាយដូចម្ចាស់ដេប៉ូមួយចំនួនចោទប្រកាន់ថា ច្រកចេញចូលតែមួយខេត្តស្វាយរៀងមានលក់រាយនោះលោកសូមបដិសេធន៍គឺម្ចាស់ដេប៉ូទាំងនោះយល់ច្រឡំទេ គឺរោងសន្និធិលក់បោះដុំសូមម្ចាស់ដេប៉ូឈើទូទាងខេត្តស្វាយរៀងមកទិញឈើយកទៅដាក់លក់រាយចុះ ឈើនៅក្នុងរោងសន្និធិ(ច្រកចេញចូលតែមួយ)មានឈើ ០៤ប្រភេទ ឈើលេខ១ ឈើសុក្រម ,ផ្ចឹក ,ឈើទាលនិងឈើចម្រុះលេខ២និងឈើជជុះ ចំណែកមានករណីដឹកឈើប្រណិតតាមម៉ូតូនិងតាមរថយន្តតូចទម្លាក់តាមព្រំដែនជិតច្រករបៀងបម្រុងឆ្លងដែនឬឆ្លងដែនទៅប្រទេសជិតខាងលោកមិនបានដឹងទេ។ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបានទេនៅរសៀលថ្ងៃទី៧សីហានេះ៕