(កំពង់ធំ) ដោយមានការគិតគូរយកចិត្តទុកដាក់ររវាងព្រះមេគណខេត្តកំពង់ធំជាមួយនិងរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ កូនឈើប្រណិត និងកូនឈើផ្សេងៗទៀតចំនួន ២៧០០ដើម ត្រូវបានដាំនៅតំបន់សហគមន៍ទីទួលបុរាណ (ព្រៃគូ ) ស្ថិតនៅក្នុុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះបានប្រារពឡើង ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងព្រះទេពសត្ថាសៀង សុខ ព្រះរាជគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តនិងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ មន្ត្រីរាជការព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ព្រៃឈើជាប្រភពធនធម្មជាតិដ៏សំខាន់សម្រាប់ប្រទេសយើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង នាំគ្នាបំផុសស្មារតីចេះស្រឡាញ់ព្រៃឈើតារយះ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។
ឯកឧត្តមបានបន្តទៀតថា នៅទួលបុរាណព្រៃគូនេះ ថ្ងៃក្រោយនឹងក្លាយជាកន្លែងដែលមានដើមឈើច្រើននិងមានម្លប់ត្រជាក់ត្រជុំ សូមឱ្យបងប្អូនសហគមន៍យើងជួយថែរក្សា ជាពិសេសត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយយើងត្រូវតែនាំគ្នាបន្តដាំដើមឈើឡើងវិញឲ្យបានគ្រប់ទីកន្លែង នៅតាមទីវត្តអារាម សាលារៀនក៏ដូចជានៅតាមទីសាធារណៈជាដើម ។ ជាពិសេសឯកឧត្តមក៏មានគម្រោងរៀបចំដាំដើមឈើកែលំអរសោភ័ណភាពក្រុងនៅតាមផ្លូវសាធារណៈដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត និងជំរុញឲ្យបណ្ដាក្រុងស្រុកខិតខំដាំដើមឈើក្នុងទីប្រជុំជននៅសារមន្ទីរជាតិ ក្នុងនោះក៏តម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងការដាំដើមឈើនេះគឺដើម្បីឲ្យផ្ដល់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់មនុស្សសត្វជ្រកកោននៅទីនេះក៏ជាផលមួយនៅក្នុងការធ្វើបុណ្យទានផងដែរ ។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមថែរក្សាការពារព្រៃឈើនិងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
ជាមួយគ្នានោះផងដែរឯកឧត្តមបន្តថា នៅថ្ងៃខាងមុខនេះរាជរដ្ឋាភិបាលនឹងផ្ដល់នូវថ្ងៃឈប់សម្រាកបងជំនួសឱ្យថ្ងៃចូលឆ្នាំ ដូច្នេះឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ព្រះតេជគុណគ្រប់ព្រះអង្គ សូមជួយគ្នា ចូលរួម គោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន និងសូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា កូនឈើប្រណិតដែលបានដាំនៅក្នុងតំបន់ទីទួលបុរាណព្រៃគូ ក្នុងផ្ទៃដី១.២០ហិចតា ក្នុងនោះមានកូនឈើក្រញូង នាងនួន បេង ចំនួន ២៧00 ដើម។