លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ដឹកនាំប្រតិភូ នាំយកអំណោយផ្ដល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ៦គ្រួសារ នៅស្រុកស្ទឹងត្រង់

កំពង់ចាម​:​ ដើម្បី ឆ្លើយតបទាន់ពេលវេលា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ និងសហការី​ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៦គ្រួសារ នៅក្នុងឃុំព្រែកកក់ និងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នាឱកាសនោះ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានប្រសាសន៍ថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានភ្លាម សាខា​សមាគម​នារី​កម្ពុជា​ បានរៀបចំនូវអំណោយទាំងអស់នេះ ដើម្បីផ្ដល់ជូនបងប្អូនទាំង៦គ្រួសារ ដែលជួបប្រទះការខ្វះខាតក្នុងជីវភាព ដើម្បីជួយដោះទ័ល ។ តាមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូល ក៏ដូចជា ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ ដើម្បីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនទុកឲ្យនណាម្នាក់ អត់អាហារឡើយ ។
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ដែរថា ថ្វីត្បិតតែ អំណោយខាងលើនេះ មានចំនួនមិនច្រើនក្ដី ក៏ប៉ុន្តែ វាជាការចូលរួមចំណែក បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដែលជាវប្បធម៌ នៃការចែករំលែក ពីថ្នាក់ដឹកនាំ និងសហការី របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពង់ចាម ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ដូច្នេះ ចំពោះមុខ សូមបងប្អូនប្រឹងប្រែងរកទទួលទាន ដោយខ្លួនឯង តាមរយៈ ការដាំដុះនូវដំណាំរួមផ្សំផ្សេងៗ ដើម្បី ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ។
ជាមួយគ្នា​នោះ​ លោកជំទាវប្រធានកិត្តិយសសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការទប់ស្កាត់ហានិភ័យពីការឆ្លង នៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនោះ រដូវនេះជារដូវវស្សា សូមឲ្យបងប្អូន ថែរក្សាអនាម័យលំនៅដ្ឋាន គេងនៅក្នុងមុង ដើម្បីការពារជម្ងឺរាតត្បាតផ្សេងៗ ជាពិសេស ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម ៕