សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន៤ខ្នង និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹង ចំនួន៤១គ្រួសារ នៅស្រុកចំនួនបី ក្នុងខេត្តកំពង់ធំ

(ខេត្តកំពង់ធំ): នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានប្រគល់ផ្ទះថ្មីចំនួន៤ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ រនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ទី១. ឈ្មោះ លាស់ សេន ភេទ ស្រី រស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ទី២. ឈ្មោះ ឌិន ម៉ៅ ភេទប្រុស រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣. ឈ្មោះ វិញ ហុកស្រៀង ភេទប្រុស រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ខេត្តកំពង់ធំ និងទី៤. ឈ្មោះ ទឹម ថេត ភេទ ស្រី រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹងនិងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤១គ្រួសារ បន្តទៀត ដោយមិនទុកឲ្យគ្រួសារណាម្នាក់ខ្វះខាតស្បៀងនោះទេ ទីណាមានការលំបាកទីនោះមានមន្រ្តីកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងតែមានការរីករាលដាលទូទាំងពិភពលោក គួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន ។ បន្ថែម​ពីនេះ សូម​បងប្អូន​ប្រជា​ពល រដ្ឋ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ពី​ជំងឺ​គ្រុន ឈាម​នា​រដូវវស្សា​នេះ ជាពិសេស​ការកើតឡើង​វិញ​នូវ​ជំងឺ​គ្រុន​ឈី​ក (CHIK) ដែល​ប្រឈម​ទៅនឹង​ហានិភ័យ ឆ្លង​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​មូស​ខ្លា​ញី និង​ស្អាត​បរិវេណ​ជុំវិញ​ផ្ទះ ដោយ​កំចាត់​ចោល​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន ត្រូវ​ដេក​ក្នុង​មុង​(​ទាំង​ថ្ងៃ​យប់​) ស្លៀកពាក់​ខោអាវ​វែង មិនត្រូវ​អង្គុយ ឬ​សំរាក​នៅ​កន្លែង​ដែល​មិនមាន​ពន្លឺ​គ្រប់ គ្រាន់​នោះទេ ។

ចុងបញ្ចប់ឯកឧត្តម សុខ លូ ព្រមទាំងសហការី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំងបួនគ្រួសារ និងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេសកន្ទេលចំនួន ១ ឃីត១ កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូ១ដុំ ច្រាសដុះខោអាវ១ ។