កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យ ដីមានទំនាស់នៅតំបន់មេទឹកសារាយ ស្ថិតក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ដេីម្បីដោះស្រាយបញ្ហាវិវាទជូនប្រជាពលរដ្ឋ តាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
មន្ត្រីសាលាខេត្តបានឲ្យដឹងថា បញ្ហាវិវាទដីធ្លីតំបន់មេទឹកសារាយនេះ គឺបានកើតមានឡើងជាយូរយារណាស់មកហើយ រវាងប្រជាសហគមន៍ និងប្រជាពលរដ្ឋខាងក្រៅតំបន់ បានទាមទារផលប្រយោជន៍រៀងៗខ្លួន លេីផ្ទៃដីដីដែលមានទំហំជាង១៦ហិកតា ។ ហេីយអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បានធ្វេីការដោះស្រាយជាច្រើនលើកច្រើនសារទៀតផង ។
មន្ត្រីបានឲ្យដឹងទៀតថា ដីតំបន់មេទឹកសារាយនេះ ជាដីរបស់រដ្ឋ ដែលមានប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វេីការអាស្រ័យផល ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា និងស្រូវប្រាំងផងដែរ ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដី របស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹក ផ្ដល់ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះផងដែរ ៕