មហាជនសំណូមពរឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការដឹកជញ្ជូនជួយពិនិត្យរថយន្តវេអងដឹកជញ្ជូនខ្សាច់ឆ្លងកាត់ជញ្ជីងខេត្តកំពង់ធំផង

0

ខេត្តកំពង់ធំ៖ អញ្ចឹងទេតើបានជាផ្លូវខូចធ្វើមិនចេះចប់មិនចេះហើយ ដោយសារតែមានការឃុបឃិតគ្នាជា ប្រព័ន្ឋ ពីសំណាក់មន្រ្តីជំនាញ បណ្តែតបណ្តោយឲ្យមានការ ដឹកជញ្ជូនដោយលើសទម្ងន់រាប់សិបតោន និងរាប់សិបលានក្នុងមួយយប់”ឆ្លងកាត់ជញ្ជីងខេត្តកំពង់ធំ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិត្រើយម្យាប ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់យប់ចាប់ពីម៉ោង០៩យប់ទៅ គឺមានរថយន្តធន់ធ្ងន់វេអងដឹកខ្សាច់ចេញពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានចំនួនចាប់ពីដប់គ្រឿងទៅម្ភៃគ្រឿង ដែលបានដឹកឆ្លង​កាត់ជញ្ជីងផ្លូវជាតិលេខ៦ ស្រុកសន្ទុក  ខេត្តកំពង់ធំ ដែលរថយន្តវេអង ដឹកលើសទម្ងន់ដល់៧៥តោន តែបើយោងតាមផ្លូវច្បាប់ក្នុងស្រុកខ្មែរ គឺដឹកបានតែ៤៤តោនទាំងរថយន្ត តែបើទោះបីដឹកលើសទម្ងន់កដោយ គឺមិនមានបញ្ហា គឺរថយន្តដែលដឹកលើសទម្ងន់គឺយកលុយបង់ឲ្យលោក ម៉ៅ រស់ ក្នុងមួយរថយន្ត១៥ ម៉ឺនរៀល ជាការស្រេចនិងទៅដល់គោលដៅប្រកបដោយសុវត្តិភាព ។

ប្រភពព័ត៌មានពីម្ចាស់រថយន្ត ត្រូវបានទម្លាយថា លោក ម៉ៅ រស់ មានឋានៈជាអនុប្រធានជញ្ជីងប្រចាំខេត្តកំពង់ធំ ដែលទើបតែផ្លាស់ មកពីក្រសួង ជាអ្នកបច្ចេកទេស បានប្រាប់ឲ្យម្ចាស់រថយន្ត ដែលដឹកខ្សាច់លើសចំនួនតោនឆ្លង់កាត់ជញ្ជីងនៅឃុំប្រាសាទ រៀងរាល់យប់ចាប់ពីម៉ោង០៩ឡើងទៅ ត្រូវបង់អោយមួយរថយន្ត១គ្រឿង១៥ម៉ឺនរៀល ហើយនៅពេលរថយន្តឆ្លងកាត់អោយម្ចាស់គ្របអោយជិតធ្វើដូចជារថយន្តដឹកទំនិញ និងរថយន្តខ្លះត្រូវបិទភ្លើងមួយភ្លេតដើម្បីកុំឲ្យជាប់កាម៉ារ៉ា។

មហាជនបានសំដែងការមិនពេញចិត្ត ចំពោះការឃុបឃិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីទ្រព្យសម្បត្តិរបស់រដ្ឋ បែរជាចូលរួមបំផ្លាញយ៉ាងត្រជាក់ចិត្ត អញ្ចឹងទេតើបានជា ផ្លូវថ្នល់ខូចជួសជុល សាងសង់មិន ដែលចេះចប់ ប្រជាពលរដ្ឋ បានសំណូមពរឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តាជួយការពារទប់ស្កាត់ មន្រ្តីគ្រាប់ស្លែងដែលកំពុងតែបង្កប់ ក្នុងស្ថានីយ៍ជញ្ជីងខេត្តកំពង់ធំ ដើម្បីការពារផ្លូវថ្នល់ប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការដឹកជញ្ជូន បានមានប្រសាសន៍ថា ជានិច្ចជាកាលឯកឧត្តម ទេសរដ្ឋមន្រ្តីតែងតែមានការណែនាំ ដល់មន្រ្តីស្ថានីយ៍ ទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្ននិង យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ឡានដឹកលើសទម្ងន់ កំណត់កំរិតដើម្បី ចៀសវាងការខូចខាតផ្លូវថ្នល់ ក្នុងការកំណែទម្រង់បានលទ្ធផលល្អច្រើន ដោយមានការអនុវត្តតាមច្បាប់បានច្រើន ចុងក្រោយបានទទួល ព័ត៌មានរសើបឡើងវិញ ចំពោះមុខក្នុងនាមឯកឧត្តម រដ្ឋមន្រ្តីត្រូវតែស្រាវជ្រាវឡើងវិញ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះមន្រ្តីណាដែលមានការខិលខូច ។

ឯកឧត្តម គង់ វិមាន បានបញ្ជាក់ថា នេះជាវិធានការរឹតបន្តឹង ការអនុវត្តច្បាប់ទាំងអស់គ្នា មិនមែនតែចំពោះមន្រ្តីប្រចាំស្ថានីយ៍ទេ រួមទាំងបងប្អូនដែលមានរថយន្ត និងការដឹកជញ្ជូនសូមឲ្យចូលរួមគោរពច្បាប់ទាំងអស់ គ្នាផង បើមិនអញ្ចឹងទេផ្លូវថ្នល់នៅកម្ពុជា ទោះបីផ្លូវធ្វើជាប់ប៉ុណ្ណាក៏មិនអាចទ្រាំទ្រ ដោយការដឹកលើសទម្ងន់ ដោយមិនបានគោរពផ្លូវច្បាប់បានដែរ  គឺមិនអាចធានាបានទេ ទាល់តែយើងចូលរួមទាំងអស់គ្នាផង ទើបបានអាចទប់ស្កាត់បាន ជាពិសេសសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលជានិច្ចជាកាលតែងតែ បានផ្តល់ព័ត៌មាន មកដល់ខាងក្រសួងដើម្បីបានជ្រាបនូវបញ្ហានេះ ក្រសួងនិងពិនិត្យបញ្ហានេះមិនឲ្យមានការ ប្រលិមប្រឡំបានទេ និងត្រូវចាត់វិធានការឲ្យបានទាន់ពេលវេលា។

ដោយ ប៊ុន រដ្ឋា