កំពង់ចាម: ខ្មោចនាវាចម្បាំង១គ្រឿង រួមជាមួយគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ចំនួន៣ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគេសង្ស័យថាជាសំណល់ពីសម័យសង្គ្រាម ។
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងខ្មោចនាវាលិចទឹកខាងលើ ដើម្បីរៀបចំឲ្យមានកម្លាំងសមត្ថកិច្ចប្រចាំការនៅតំបន់នោះ រហូតគ្រាប់យុទ្ធភ័ណទាំងអស់ ត្រូវបានយកចេញដោយសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចូលទៅធ្វើការនេសាទក្នុងតំបន់ហាមឃាត់នោះជាដាច់ខាត ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបានគ្រប់ពេល ដូច្នេះត្រូវរង់ចាំរហូតមន្ត្រីជំនាញ មកធ្វើការបោសសម្អាត គ្រាប់យុទ្ធភ័ណទាំងនោះ រួចរាល់ហើយទេីបយេីងចូលទៅបាន។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍ បានបូមយកខ្សាច់នៅតំបន់នោះ ហើយដឹកយកទៅដល់រាជធានីភ្នំពេញ ទេីបប្រទះឃើញគ្រាប់ ចំនួន៣ប្រភេទ គឺមាន ១-គ្រាប់AK57ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ។ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលមានមន្ត្រីស៊ីម៉ាក់ និងក្រុមជំនាញមុជទឹក ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យទីតាំងបូមខ្សច់នោះ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវាចម្បាំង) មួយគ្រឿង ផងដែរ ៕