ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅភូមិអំពេង ឃុំអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានទទួលអំណោយមនុស្សធម៌

កែប: ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និង លោកជំទាវ ស ម៉ាលីដា ព្រមទាំងលោក លោកស្រីអនុប្រធាន អនុប្រធានកិត្តិយស និងសមាជិក សមាជិកា បានពាំនាំអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ទ្រាក់នៅភូមិអំពេង ឃុំអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា បើទោះបីជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ លើសពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែណេនាំឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះ ទាក់ទងបញ្ហាសុខភាព និងបញ្ហាផ្សេងៗ

ទន្ទឹងនឹងនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ ការបរិភោគស្អាត និងត្រូវធ្វេីលំហាត់ប្រាណឱ្យបានទៀងទាត់។

ឯកឧត្តមអភិបាលខេត្ត រំលឹកបងប្អូនប្រជាពលរដ្ឋ អោយមានស្មារតីប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវវស្សានេះ ជាពិសេសការកេីតឡេីងវិញនូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលនៅក្នុងប្រទេសកម្ពុជា ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈមូសខ្លាញី និងស្អាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបាន ត្រូវដេកក្នុងមុង(ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ក្នុងករណីក្រុមគ្រួសារណាម្នាក់ មានសញ្ញា ឬសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជាមុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមយកពួកទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។ ជាមួយគ្នានេះ ស្ត្រីមានផ្ទៃពោះ សូមអញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ សូមអោយប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល សូមបងប្អូនខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

គ្រឿងឧបភោគ បរិភោគ ដែលជូនប្រជាពលរដ្ឋរួមមាន អង្ករ ចំនួន ៤៧៥ គីឡូ មីចំនួន ១៩កេះ ទឹកត្រីចំនួន ១៩ យួរ ទឹកស៊ីអ៊ីវ ចំនួន ១៩យួរត្រីខកំប៉ុងចំនួន ១៩យួរ សម្លៀកបំពាក់ចំនួន ១៩ ឃីតព្រមទាំងបន្ថែម ថវិកាជូនគ្រួសាររងគ្រោះធ្ងន់ចំនួន ៣គ្រួសារ ក្នុង១គ្រួសារ ១០០,០០០៛ ដោយឡែកសម្រាប់ គ្រួសាររងគ្រោះ មធ្យម និងស្រាល ក្នុងមួយគ្រួសារទទួលបាន ៥០,០០០៛ ។

បន្ថែមលើសនេះទៀត លោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយស ឧបត្ថម្ភ ក្នងមួយគ្រួសារ ៣០,០០០៛ = ៥៧០,០០០ ៛ និង ប្រគេនព្រះសង្ឃ ៤៥០,០០០៛ (សរុបថវិកា ២,១២០,០០០៛) និងបណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕