កំពង់ចាម: គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានប្រកាសដាក់ដេញថ្លៃ ចំនួន៤គម្រោង នៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដោយមានការចូលរួមពី គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម បានធ្វើការសំណូមពរដល់ក្រុមហ៊ុន អ្នកទទួលការទាំងអស់ សូមឲ្យមានការប្រកួតប្រជែងដោយភាពថ្លៃថ្នូរ និងកុំឲ្យមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ហេីយការសាងសង់ ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច បានថ្លែងអំណរគុណដល់អ្នកទទួលការទាំងអស់ ដែលបានចូលរួមដេញថ្លៃគម្រោងនេះយ៉ាងមានរបៀបរៀបរយល្អ តាមការរៀបចំរបស់អាជ្ញាធរ ក៏ដូចជាគណៈកម្មការម្ចាស់លទ្ធកម្ម ហេីយសូមឲ្យរាយការណ៍ជាបន្ទាន់ បើសិនជាមានករណីទារថ្លៃលុយទឹកតែ ពីបុគ្គលណាមួយ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៤ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំគៀនជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧២ ម៉ែត្រ ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកៀនជ្រៃក្នុង។
២-ឃុំវិហារធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៨៥ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិប្រសាទ។
៣-ឃុំហាន់ជ័យ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៤៥ ម៉ែត្រ ទទឹង៤ ម៉ែត្រ នៅភូមិល្វាទេ។
៤-ឃុំហាន់ជ័យ ជួសជុលផ្លូវដីក្រាលក្រួសក្រហម ប្រវែង ២០៧ ម៉ែត្រ ទទឹង៤ម នៅភូមិក្រូចសើច ៕