ខេត្តកំពង់ធំ នៅក្នុងឱកាសថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ លោកវរសនីយ៍ទោកែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានឆ្លៀតឱកាស ដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៦៩ ជូនអតីតយុទ្ធជនពិការ នៅល្ងាចថ្ងៃចន្ទទី១៧ ខែសីហា ឆ្នាំ២០២០ ។
ផ្ទះថ្មីលើកទី១៦៩ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានប្រគល់ជូន លោកនាយចំណង់ សង ឃឿន អាយុ៥០ឆ្នំា ជាបុរសពោះម៉ាយ បច្ចុប្បន្នរស់នៅជាមួយកូន២ នាក់ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩២ នៅអង្គភាពកងពលលេខ២ ចាស់ បានត្រូវរបួសពិការ ពិការជើង និងពិការដៃ នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ១៩៩៧នៅសមរភូមិអង្គ្រង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នរស់នៅភូមិថ្លុករអឹ់ល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថាផ្ទះថ្មីមានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ បាតក្រោមចាក់សាប និងមានតតាកបន្ទប់ទឹក មួយខ្នង ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារបាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត មានអង្ករចំនួន៥០ គីឡូក្រាម មីចំនួនពីរកេស ទឹកត្រីទឹកសុីអុីវចំនូនពីរយួរ គ្រែសម្រាកមួយ មុងជ្រលក់ថ្នាំចំនួនមួយ ភួយមួយ ខ្នេីយមួយកន្ទេលមួយ និងថវិកាមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ឋជន សម្តេចទាំងពីរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩៕