ព្រះវិហារ៖ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិជាង ៦ម៉ឺននាក់ បានធ្វើដំណើរចូលមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាជាច្រើនកន្លែង ក្នុងទឹកដី នៃខេត្តព្រះវិហារ រយៈពេលប្រាំថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោកគង់ វិបុល បានបង្ហាញរបាយការណ៍ថា នៅក្នុងឱកាសឈប់សម្រាករយះពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលទស្សនាកំសាន្តនៅតាមតំបន់ រមណីដ្ឋានទេសចរណ៍នានា មានចំនួន ៦ម៉ឺន ០៥៧៨នាក់ ក្នុងនោះអ្នកទេសចរបរទេស មានចំនួន ២៤១នាក់ ។
លោកគង់ វិបុល បានថ្លែងថា ប្រៀបធៀបរយះពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០១៩ មានការថយចុះចំនួន ៥៩, ៦៨ % ក្នុងនេះ ភ្ញៀវជាតិចំនួន ៦០,៣៣៧នាក់ ថយចុះ ចំនួន ៥៩, ៧២ %។ រីឯភ្ញៀវបរទេសចំនួន ២៤១ នាក់ ថយចុះចំនួន ៤៧, ៧២ % ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះនេះ ដោយឆ្នាំ២០១៩ ខេត្តព្រះវិហារបានរៀបចំធ្វើពិធីសង្ក្រាន្តកោះកែរ៍ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកវរៈ សេនីយ៍ទោ បៀន សុខរ័ត្ន អនុប្រធានការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលប្រចាំការនៅតំបន់រមណីដ្ឋានទឹកធ្លាក់សុភ័ក្រ្តម្មិត បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលទេសចរណ៍ខេត្ត សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតំបន់នេះ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានយ៉ាងល្អប្រសើរ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលមក ទស្សនាកម្សាន្តនៅទីនេះ។ លោកថា នៅក្នុងរយះពេល ៥ថ្ងៃនេះ ពុំមានកើតឡើង នូវបញ្ហាអសន្តិសុខ ឬ ហេតុការណ៍មិនប្រក្រតីណាមួយ ដែលបង្កការភ័យខ្លាច ដល់ភ្ញៀវទេសចរណ៍នោះឡើយ៕