កំពង់ចាម: ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ សម្រាប់ខេត្តកំពង់ចាម គេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា សរុបចំនួន៣៥៤៣៦នាក់ ក្នុងនោះមានបរទេស១៤៦នាក់ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តកំពង់ចាម ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ ។
លោកស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលមានរយៈពេល៥ថ្ងៃនេះ គឺភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅទូទាំងខេត្តកំពង់ចាម សរុបចំនួន៣៥៤៣៦នាក់ ក្នុងនោះនៅស្រុកព្រៃឈរ មានរមណីយដ្ឋាន ចំនួន២កន្លែង ១-រមណីយដ្ឋានក្បាលហុងទឹកឆា មានភ្លៀងទេសចរណ៍ ចំនួន២៥៩៧៩នាក់ ២-កសិទេសចរណ៏ គាត ខេង ថ្មដាទឹកឆា៣២៧១នាក់។ ដោឡែកនៅក្នុងស្រុកកំពង់សៀម មានរមណីយដ្ឋានចំនួន៤កន្លែង ១-រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី មានភ្ញៀវទេសចរ ចំនួន១៤៨៥នាក់ ២-រមណីយដ្ឋានភ្នំហាន់ជ័យ១៥១៣នាក់ ៣-រមណីយដ្ឋានឬស្សី៣៤១នាក់ និង៤-រមណីយដ្ឋាននគរបាជ័យ១១៤៩នាក់ ។ ចំពោះអាហារដ្ឋានស្មៅទន្លេ នៅក្រុងកំពង់ចាម មាន១៦៩៨នាក់ ពោលគឺភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅរមណីយដ្ឋានក្បាលហុងទឹកឆា មានចំនួនច្រើនជាងរមណីយដ្ឋានដ៏ទៃ ។ ដោយនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ទៀតផង ។
គេសង្កេតឃើញថា ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរនៅមូលដ្ឋានស្រុកព្រៃឈរ បានរៀបចំកងកម្លាំងប្រដាប់អាវុធ កម្លាំងប្រជាការពារ និងក្រុមការងារអនុសាខា យុវជនស្ម័គ្រចិត្តកាកបាទក្រហម ចុះធ្វើការផ្សព្វផ្សាយសារអប់រំអំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងវាស់ស្ទង់កម្តៅ និងបាញ់ទឹកអាកុលលាងដៃផងដែរ ៕