ខេត្តស្ទឹងត្រែង៖វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ ត្រូវបានរៀបចំប្រកួតវគ្គដំបូងនៅខេត្តស្ទឹងត្រែងក្រោមប្រធានបទ“ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ដោយមានសិស្សានុសិស្សមកពីវិទ្យាល័យចំនួនពីរក្នុងខេត្ត ដើម្បីប្រកួតប្រជែង ក្នុងនោះមានៈ ព្រះរាជបូជនីយកិច្ច និង វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ។
វេទិការនេះ ធ្វើឡើងនៅរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងមានការរៀបចំឡើងដោយក្រសួងបរិស្ថាន និងមានកិច្ចសហការពីគម្រោងUSIAD ព្រៃឡង់បៃតង ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ.អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យទាំងពីរផងដែរ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថាៈ វេទិកាយុវជនជជែកអំពីបរិស្ថាន ជាឱកាសល្អមួយដែលអាចឲ្យសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនិងការយល់ដឹងអំពីបញ្ហាបរិស្ថានទូទៅ ព្រោះបញ្ហាបរិស្ថានជាបញ្ហារួមដែលយើងគ្រប់គ្នាត្រូវយល់ដឹង ។ ម៉្យាងទៀតវាជាបញ្ហាមួយដែលបណ្តាមេដឹកនាំពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានកំពុងរួមគ្នាយកចិត្តទុកដាក់គិតគូរ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយបាននូវផលប៉ះពាល់ទៅលើសេដ្ឋកិច្ច សង្គម និងសុខភាពរបស់មនុស្សសត្វនៅលើភពផែនដីនេះផងដែរ ហើយនេះជាមោទកភាពមួយរបស់ខេត្តស្ទឹងត្រែងយើង ដែលត្រូវបានក្រសួងបរិស្ថាន ជ្រើសរើស និងរៀបចំការប្រកួតវគ្គដំបូង ។ ម៉្យាងទៀតវេទិការនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយផ្តល់ឱកាសដល់សិស្សានុសិស្សនៅក្នុងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អាចចូលរួមស្តាប់ និងសិក្សាស្វែងយល់ពីបរិស្ថាន បន្ថែមការយល់ដឹងទូទៅអំពីបរិស្ថាន ព្រមទាំងនាំគ្នាចូលរួម ការពារ ទប់ស្កាត់ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ ។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថាៈបញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវគិតគូ និងយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សា ។ ហើយក្រសួងបរិស្ថានធ្លាប់មានទិសដៅរៀបចំវេទិកាសម្រាប់វគ្គប្រកួតដំបូងលើខេត្តចំនួន៥ រួមមានៈខេត្តស្ទឺងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងរាជធានីភ្នំពេញ ។ ប៉ុន្តែមានប្រធានបទផ្សេងៗពីគ្នា សមស្របទៅតាមភូមិសាស្ត្រ និងតំបន់ ។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះត្រូវបានធ្វើឡើងក្រោមប្រធាន “បទការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ”សមស្រប និងខេត្តដែលសម្បូរទៅដោយតំបន់ការពារធនធានធម្មជាតិនោះស្រាប់តែម្តង ។
ឯកឧត្តមផៃ ប៊ុនឈឿន បញ្ជាក់ថាៈវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០នេះ គឺមានលក្ខណៈពិសេសជាងការប្រកួតប្រជែងនាឆ្នាំកន្លងមក ដោយបេក្ខជនដែលចូលរួមប្រកួតប្រជែង អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទជាក់ស្តែងដែលកំពុងកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានជាដើម ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍន៍ទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ឲ្យបានស្ថិតស្ថេរ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់ ៕