កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពសមាជិកសមាជិកា គ.ក.ស.កខេត្តការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។
លោកជំទាវ តុង ណារី ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ចនិងផែនការថ្មីៗដែលគណៈកម្មាធិ
ការបានប្រគល់ជូន សមាជិកសមាជិកា ទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។
លោកជំទាវ តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមចូលរួមសហការជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក រាយការណ៍ពីសុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាពដេីម្បីកុំឱ្យកើតមានជំងឺកូវីដ១៩ ក្នុងគ្រួសារ និងសហគមន៍យើងរស់នៅជាដាច់ខាត ៕