កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ឥតឈប់ឈរប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារ អប់រំសិក្សាធិការជាមូលដ្ឋាន។ ការថ្លែងយ៉ាងដូច្នេះក្នុងវេទិការពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយ សិក្ខាសាលាសមាហរណកម្មកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង/ស្រុក និងឃុំ/សង្កាត់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានខិតខំធ្វើការអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អ សោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានសាងសង់អគារច្រកចេញចូលតែមួយ ចំនួន១០ ក្រុង-ស្រុករួចរាល់ជាស្ថាពរហើយ ដើម្បីធានាការបម្រើសេវារដ្ឋបាលឲ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ យើងបានបង្កើន ការយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ ដោយបានរកឃើញគ្រួសារក្រីក្រ សរុបចំនួន ៤៥,៩២៥គ្រួសារដែលនឹងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងន័យនេះបានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ នៅក្នុងដែនដីរដ្ឋបាលក្រុង-ស្រុក និងឃុំ -សង្កាត់ ដើម្បីសម្រេចបានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឲ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍន៍នោះឡេីយ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា គម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្ត នៅឆ្នាំ២០២១-២០២៣ សំណូមពរលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងអង្គការនានា ជំរុញការអនុវត្តគម្រោងនីមួយៗដែលបានសន្យា គាំទ្រត្រូវបញ្ចប់តាមកាលកំណត់។ គឺយើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ឥតឈប់ឈរប្រកបដោយនិរន្តភាព ចីរភាព បរិស្ថានធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារ អប់រំសិក្សាធិការជាមូលដ្ឋាន ៕