ភ្នំពេញ ៖ លោក ស្រីបុប្ផា ផានី មន្ត្រីជំនាញមន្ទីរសាធារណៈការ បានឲ្យដឹងថ្ងៃទី២៧ សីហានេះថា នៅរាជធានីភ្នំពេញ មានយានដ្ឋានជួសជុលរថយន្ត ចំនួន៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្មបណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំ ឬជូនដំណឹងទៀតទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូណាស់ហើយ។
ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្ត មិនមានច្បាប់អនុញ្ញតជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ ចុះទៅបិទជាបណ្ដោះអាសន្ន រង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញតត្រឹមត្រូវជាមុនសិន ទើបអនុញ្ញតឱ្យបើកអាជីវកម្មឡើងវិញ។
លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន រាជធានីភ្នំពេញ បាននឱ្យដឹងថា ចាប់ពីពេលនេះទៅ មន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុលកែច្នៃយានយន្ត ដែលអត់ច្បាប់ ទាំងអស់ក្នុងក្រុង ដើម្បីបិទអាជីវកម្មបណ្ដោះអាសន្ត ទៅលើទីតាំងណាដែលអត់ច្បាប់ ដោយលែងអប់រំ លែងជូនដំណឹងអីទៀតហើយ ព្រោះការជូនដំណឹងវាញឹកញ៉ាប់ពេកហើយ យានដ្ឋានខ្លះក៏ធ្លាប់បិទជាលើកទី១រួចហើយដែរ តែម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញតដដែល។
លោកស្រីប បុបា្ឆ ផានី បានរំលឹកថា ក្នុងរាជធានីភ្នំពេញ មានយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្ត សរុប៩៧១ទីតាំង ក្នុងនោះ អត់ច្បាប់មាន ៣៩០ទីតាំង។ ដោយឡែក ក្នុងខណ្ឌសែនសុខ មាន១១០ទីតាំង មានច្បាប់អនុញ្ញតតែ ចំនួន៧៣ទីតាំង៕