(ខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំពិភាក្សាការងារ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងរដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូ គណៈកម្មការ នីតិកម្ម នៃសាភា និងថ្នាក់ដឹកនាំប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត។
ដំណើរបេសកកម្មរបស់គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានគោលបំណង ដើម្បីសិក្សាស្វែងយល់ ពីការដឹកនាំ គ្រប់គ្រងរបស់អាជ្ញាធរដែនដី អង្គភាពជំនាញពីដំណើរការអនុវត្តន៍ច្បាប់កន្លងមក ការលំបាកនិងសំណូមពរផ្សេងៗ ហើយព្រមទាំងផ្ដល់ព័ត៌មានពីការងារសំខាន់សំខាន់ៗរបស់សភាជូនទៅដល់ មូលដ្ឋានថ្នាក់ក្រោមជាតិ។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលបានចុះមកបំពេញបេសកកម្មលើទឹកដីខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីស្វែងយល់ពីការដឹកនាំការគ្រប់គ្រងរបស់អាជ្ញាធរដែនដី អង្គភាពជំនាញ ពីដំណើរការអនុវត្តន៍ច្បាប់កន្លង ។ ទន្ទឹមនឹងនោះឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តទទួលបានពាក្យបណ្ដឹងចំនួន ១២ករណី ក្នុងនោះបានដោះស្រាយរួចរាល់ចំនួន ៦ករណី និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន ៦ករណី ក្រៅពីនេះតាមរយៈការិយាល័យប្រជាពលរដ្ឋរទទួលបានពាក្យបណ្ដឹងចំនួន ៤៦ករណី ក្នុងនោះ សម្រុះសម្រួលបានចំនួន ១១ករណី បិទសំណុំរឿង ១ករណី ។ ប៉ុន្តែទោះបីជាមានការខំប្រឹងប្រែង យ៉ាងនេះក្តីខេត្តកំពង់ធំ នៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបញ្ហាទំនាស់ដីធ្លី ដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ៗគ្នាជាដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសសំណេះសំណាលនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខដ៏កក់ក្តៅពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងព័ត៌មានខ្លះៗអំពីស្ថាប័ននីតិបញ្ញត្ដិ ក្នុងរយៈពេលប្រាំនីតិបាលកន្លងមក រដ្ឋសភាបានអនុម័តច្បាប់ សរុបចំនួន ៥៧៥ ច្បាប់ នៅក្នុងនោះបានតាក់តែងនិងអនុម័ត ច្បាប់ធម្មនុញ្ញបន្ទាប់មក បានតាក់តែងនិងអនុម័ត ក្រមធំៗចំនួនបួនគឺ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ដែលជាច្បាប់គោល ជាមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងការដឹកនាំនិងការគ្រប់គ្រងប្រទេសជាតិ។
ចុងក្រោយឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ខេត្តកំពង់ធំ ក្រោមការខិតខំប្រឹងប្រែងដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមានទំនាក់ទំនងសហការល្អជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ជាពិសេស ការចូលរួមទប់ស្កាត់បាននូវការឆ្លង ជំងឺកូវីដ19 ស្របតាមការណែនាំរបស់ រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។