គណៈបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញឧបត្ថម្ភស្បៀងអាហារថវិកានិងសម្ភារៈបរិក្ខាពេទ្យសម្រាប់ការងារមនុស្សធម៌ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានទទួលជំនួយជួយឧបត្ថម្ភស្បៀងអាហារថវិកានិងសម្ភារៈបរិក្ខាពេទ្យ ដើម្បីការងារមនុស្សធម៌ ក្នុងដំណាក់កាលការឆ្លងរីករាលដាលនូវ កូវិដ១៩ ពីគណៈបញ្ជាការយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែ សីហា  ឆ្នាំ២០២០។

សូមបញ្ជាក់ថា ឯកឧត្ដមមេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានឯកភាព និងគាំទ្រនូវចំណងមិត្តភាពកាន់តែល្អប្រសើរ និងកិច្ចសហប្រតិបត្តិការល្អរវាង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កងទ័ពជើងគោកនៃក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយនឹង គណៈបញ្ជាការយោធាទីក្រុងហូជីមិញ រហូតដល់មានទំនាក់ទំនងល្អ ផ្សាភ្ជាប់ គ្រប់បណ្តាផ្នែកសឹករងក្រុង-ស្រុកទាំង៩និង វរសេនាតូចទាំង២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយយោធាខណ្ឌទាំង១១ នៃគណៈបញ្ជាការយោធាទីក្រុងហូជីមិញ ក្នុងវិស័យមនុស្សធម៌ និងការជួយកសាងអង្គភាព   ដោយភាគីមិត្តបានជួយកសាងអគារថ្មីៗជាច្រើនខ្នង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងនៅតាមបណ្ដាកងឯកភាពចំណុះ។

ឯកឧត្ដមសោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការជួយឧបត្ថម្ភ ពីគណៈបញ្ជាការយោធាទីក្រុងហូជីមីញ នៃកងទ័ពប្រជាជនវៀតណាម សម្រាប់បម្រើការក្នុងវិស័យការងារមនុស្សធម៌ ជួយដល់គ្រួសារកងទ័ពអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ក្នុងនោះមាន អង្ករចំនួន២០តោន       ម៉ាម៉ា១.០០០កេស ទឹកស៊ីអ៉ីវ និងទឹកត្រី១.០០០ យួរ និងថវិកាមួយចំនួនទៀត សម្រាប់បន្តទិញស្បៀងអាហារបម្រើ ការក្នុងវិស័យមនុស្សធម៌ ។

ចំនែកសម្ភារៈគ្រឿងបរិក្ខាពេទ្យ មានម៉ាសបួនស្រទាប់១០០.០០០ម៉ាស ម៉ាសសម្រាប់គ្រូពេទ្យចំនួន ៥០.០០០ម៉ាស      ម៉ាស៊ីនសម្រាប់វាស់ស្ទង់កម្ដៅចំនួន ១០០គ្រឿង ខោអាវសម្រាប់ការពារមេរោគចំនួន១.០០០កំប្លេរ ទឹកអាល់កុល ឬជេលសម្រាប់លាងដៃចំនួន២.០០០ដប ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២០គ្រឿង ថ្នាំសម្លាប់មេរោគ៥០ធុង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានមានប្រសាសន៍ សុំឲ្យកងកម្លាំងទាំងអស់ និងក្រុមគ្រួសារត្រូវបន្តការ ការពារពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាមេរោគដ៏កាចសាហាវមួយនេះ នៅក្បែរយើងជានិច្ច ប្រសិនបើយើងមានការធ្វេសប្រហែសវានឹងឆ្លងជាក់ជាមិនខាន ដូច្នេះយើងទាំងអស់គ្នា រួមទាំងក្រុមគ្រួសារ ត្រូវមានការថែទាំសុខភាព អនាម័យខ្លួនប្រាណ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល  ។

លោកវរសេនីយ៍ត្រី លី ស៊ីណា  នាយផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការណែនាំអំពីរបៀបនៃការប្រើប្រាស់ ឧបករណ៍សម្ភារៈក្នុងការទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ និង បែងចែក ជូន បណ្តា អង្គភាព ចំណុះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារ និងថវិកាដែលជាជំនួយឧបត្ថម្ភ ទាំងនេះទៅផ្តល់ជូនប្រជាពលរដ្ឋ គ្រួសារកងទ័ពនិង គ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ ឲ្យដល់ដៃបងប្អូនពិតប្រាកដ  ។

ដោយ ប៊ុន រដ្ឋា