គោក្របី ជាង៣ពាន់ក្បាលប្រឈមកើតជម្ងឺសារទឹក ខណ:វាបានងាប់ជាង៣០ក្បាល ឈឺជិត២០០ក្បាលរួចហើយ

0

ស្វាយរៀង):: ចាប់តាំងពីថ្ងៃទី១២ សីហា ឆ្នាំ២០២០ មកទល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គោ ក្របី របស់ប្រជាពលរដ្ឋ ឃុំសំរោង និងឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាង៣ពាន់ក្បាល ប្រឈមកើតជម្ងឺសារទឹក ខណ:ក្នុងចំណោម សត្វទាំងនោះលែងទីវាល វាបានងាប់ជាង៣០ក្បាល និងឈឺជិត២០០ក្បាល ហើយបានចាក់វ៉ាក់សាំងការពារ ទើបតែបានជាង២០០ក្បាល តែប៉ុណ្ណោះ។

ការផ្ទុះឡើងនូវជម្ងឺសារទឹកនេះ ផ្តើមឡើងពីថ្ងៃទី១២ សីហា ឆ្នាំ ២០២០ មកម្លេះ ហើយឃើញបញ្ហានេះ លោក នូ វ៉ននីកា ប្រធាននាយកដ្ឋានសុខភាពសារធារណ: និងបសុព្យាបាល នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំក្រុមការងារសហការជាមួយ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ស្វាយរៀង លោក ថាច់ រតនា អតីតប្រធានមន្ទីរ លោក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ០៤ រូប ដោយមានការចូលរួមពីលោក សួស សារិទ្ធ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក លោកប្រធាន និងមន្រ្តីការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក លោកប្រធានគណបក្សឃុំ លោកមេឃុំ មេភូមិ អនុភូមិ មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ពេទ្យឃុំសំរោង បានចុះទៅដល់ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិចេក ឃុំសំរោង ដើម្បីធ្វើការផ្សព្វផ្សាយពីជម្ងឺឆ្លងសត្វ និងបានចែកថ្នាំបាញ់សម្លាប់មេរោគ ជូនប្រជាពលរដ្ឋ។

បើយោងតាមរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តស្វាយរៀង បង្ហាញថា គោ ក្របី បានងាប់ចំនួន ៣៥ក្បាល ក្នុងនោះមាន គោ៣ក្បាល ក្របី ៣២ក្បាល គោ ក្របីឈឺ មាន ចំនួន ១៧៩ក្បាល ព្យាបាលឲ្យជាសះស្បើយ ចំនួន ១៤៣ក្បាល ចាក់វ៉ាក់សាំងបានចំនួន ២៦១ក្បាល ហើយ គោ ក្របី លែងទីវាល ជាមួយ គោ ក្របី ឈឺ ប្រឈម នឹងកើតនូវ ជម្ងឺ ឆ្លងជម្ងឺមាន ចំនួន ៣៣៧៧ក្បាល គោ មាន ១១០០ក្បាល និងក្របី ២២៧៧ក្បាល ។ ហើយឃើញ បញ្ហាប្រឈមបែបនេះ ពលរដ្ឋសុំឲ្យ មន្ត្រីជំនាញ ចុះទៅចាក់វ៉ាក់សាំងឲ្យគោ ក្របី ទាំងអស់នោះផង ៕