កម្លាំងនគរបាលខេត្តស្ទឹងត្រែង ចុះចាប់រថយន្តធុនធំដឹកជ្រូក បន្លំដឹកឈើគ្មានច្បាប់ពីរគ្រឿង គ្រាកំពុងធ្វើ សកម្មភាពនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង !

0

ដោយ៖ឡុង សំបូរ  ខេត្តស្ទឹងត្រែង៖ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការណ៍ រវាងកម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសខេត្ត សហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ក្រោមការបញ្ជាពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា ដែលប្រតិបត្តិការបង្ក្រាប រថយន្តដឹកជ្រូកបន្លំដឹកឈើនោះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៧សីហា រហូតមកទល់នឹងថ្ងៃទី២៨សីហា ឆ្នាំ២០២០ ស្ថិតនៅក្នុភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ស្រុកឆែប ខេត្តព្រះវិហារ ។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបរថយន្តនោះ បាននិយាយថា រថយន្តទាំងពីរគ្រឿងនេះ គឺជាប្រភេទកែច្នៃ បានដឹកជ្រូកពីថៃ ចូលមកខេត្តព្រះវិហារ កម្ពុជា និងក្រោយការចែកចាយជ្រូករួច តៃកុងរថយន្តបានមកដឹក ឈើនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានព្រំប្រទល់ស្ថិតនៅជាប់នឹងស្រុកឆែប ខេត្តព្រះវិហារ។ មន្ត្រីដដែលបានបន្តថា ក្រោយពីបានដឹងរឿងនេះ កម្លាំងសមត្ថកិច្ចបានរាយការណ៍ជូនថ្នាក់លើ និងព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា ហើយលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យកម្លាំង នគរបាលចុះចាប់ក្នុងពេលនោះតែម្តង។ សមត្ថកិច្ចបាននិយាយទៀតថា បើតាមការបញ្ជាក់ពីតៃកុងរថយន្ត ទាំងពីរ ឈើទាំងនេះពួកគេបានដឹកជញ្ជូនយកទៅលក់ផ្ទាល់ខ្លួន ដោយមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ដឹកជ្រូកនេះទេ ។
មន្ត្រីរដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានឲ្យដឹងថា ឈើទាំងអស់នេះពុំមានច្បាប់អនុញ្ញាតទេ ហើយ ឈើទាំងនេះ ត្រូវបានគេចូលកាប់ និងដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ ខេត្ត៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យបំផុត ។ លោកថា ការដឹកជញ្ជូនឈើតាមរូបភាពបែបនេះ គឺជាការបន្លំភ្នែកសមត្ថកិច្ច ហើយប្រសិនបើមិនតាមដាននោះ គឺសមត្ថកិច្ច នៅតែមិនអាចដឹងពីការប្រព្រឹត្ត អំពើល្មើសច្បាប់នេះឡើយ។ ក្រោយការបង្ក្រាបរថយន្ត កែច្នៃធុនធំដឹកជ្រូក បន្លំដឹកឈើទាំងពីរគ្រឿងនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕