កិច្ចប្រជុំកម្លាំងអន្តរាគមន៍ដើម្បីត្រៀមបម្រុងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយរបស់បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានកិច្ចប្រជុំកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមបម្រុងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងរដូវទឹកជំនន់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។

កិច្ចប្រជុំប្រគល់ភារកិច្ច ជូនដល់ថ្នាក់ដឹកនាំតាមបណ្ដាកងឯកភាព និងកងកម្លាំងត្រៀមអន្តរាគមន៍  ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តកំពង់ធំ ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោសោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយបានអនុវត្តតាមបទបញ្ជា របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាន ប្រគល់ភារកិច្ចជូន ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបានត្រៀមកម្លាំងចំនួន  ២០០ នាក់ សម្រាប់អនុវត្តភារកិច្ច ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយផ្សេងៗ  ដូចជារងផលប៉ះពាល់ ទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យឆាបឆេះផ្ទះសម្បែងជាដើម   ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងទ័ពគឺជាកូនចៅប្រជាជន ដូច្នេះត្រូវបម្រើប្រជាជនដោយស្មោះត្រង់  និងដោយឥតលក្ខខណ្ឌ  យោធិនទាំងអស់ត្រូវត្រៀមខ្លួន និងត្រៀមឧបករណ៍ មធ្យោបាយ សម្ភារៈ ឲ្យរួចជាស្រេច  ដើម្បីសហការ ជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចេញអន្តរាគមតាមបទបញ្ជាឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព  ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន បានក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ  ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនោះយោធិនទាំងអស់ ត្រូវគោរពឲ្យបានដាច់ខាតនូវបទវិន័យ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ  ។

ដោយ ប៊ុន រដ្ឋា