ខេត្តកំពង់ធំ៖ ពិធីផ្សព្វផ្សាយអំពីវិធានការ ការពារទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ-១៩ដល់កងកម្លាំងគ្រប់កងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងបានចែកម៉ាស , ទឹកអាកុល , ជែល សម្រាប់លៀងសម្អាតដៃ និងចាត់តាំងបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងបរិវេណទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងខណៈពេលដែលមេរោគកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលមកមើលមនុស្សនៅលើពិភពលោក ជាង២៥លាននាក់ហើយ និងមានមនុស្សស្លាប់ដោយសារជម្ងឺនេះ ជាង៨០ ម៉ឺននាក់ បច្ចុប្បន្ននៅលើពិភពលោក មិនទាន់មានថ្នាំ ឬវ៉ាក់សាំងជាផ្លូវការ សម្រាប់ការពារ ហើយក៏មិនទាន់មានថ្នាំសម្រាប់ព្យាបាលជាសះស្បើនៅឡើយនោះទេ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរយោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវបន្តការប្រុងប្រយ័ត្ន ក្នុងកិច្ចការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩នេះ ដោយត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។នៅក្នុងពិធីក៏មានការ បែងចែកម៉ាស ទឹកអាកុល និងជែល សម្រាប់លៀងសម្អាតដៃ ជាលើកទី៤ ដល់គ្រប់ការិយាល័យ និងស្ថាប័នចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានចាត់តាំងនាយទាហានផ្នែកសុខាភិបាល និងគិលានដ្ឋាន បាញ់ថ្នាំសម្លាប់មេរោគ នៅតាមការិយាល័យនានា ក្នុងបរិវេណ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ។
នាយទាហា នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់សុខទុក្ខ ជីវភាពរស់នៅ របស់បងប្អូនយោធិននៅគ្រប់ កងឯកភាព ទាំងអស់ ទាំងការស្នាក់នៅ ការដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រមទាំងកិច្ចការពារសុខភាពក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅគ្រប់បណ្តាកងឯកភាព ចំណុះ ។ដោយប៊ុនរដ្ឋា





































