ខេត្តព្រះវិហារ៖ តំណាងក្រុមហ៊ុនវណ្ណាស្រីពៅខូ.អិល.ធី.ឌីបានស្រាយបំភ្លឺតាមរយះសារព័ត៌មាន ពាក់ព័ន្ឋទៅនិងការយល់ច្រឡំ ក្នុងរូបភាពមានក្មេងប្រុសម្នាក់ កាន់គ្រឿងចក្រកំពុងធ្វើសកម្មភាពកាត់ថ្ម ដែលជាគ្រឿងចក្រក្នុងស្ថានភាពការងារធ្ងន់ ទើបធ្វើឲ្យមានសារព័ត៌មានក្នុងស្រុកចុះផ្សាយកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុចអូរដា ខាងលិចអូរដូនស្ងួននៅភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងលុះមកដល់ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០តំណាងក្រុមហ៊ុ វណ្ណាស្រីពៅខូ.អិល.ធី.ឌី រួមទាំងឳពុកម្តាយ របស់ក្មេងប្រុស បានសុំអធ្យាស្រ័យ និងខន្តីអភ័យទោសពីសំណាក់ ឯកឧត្តម អភិបាលខេត្តព្រះវិហារ រួមទាំងប្រធានមន្ទីរការងារខេត្តព្រះវិហារ ដោយសារតែក្មេងប្រុសដែលឈរកាន់គ្រឿងចក្រនោះរួមទាំងឳពុកម្តាយនិងអ្នកភូមិជាច្រើនគ្រួសារបាននាំគ្នារស់នៅក្នុងការដ្ឋានផលិតថ្មនេះ នៅពេលដែលឳពុកម្តាយរបស់គាត់ ធ្វើការគាត់តែងតែទៅលេង និងនៅពេលខ្លះគាត់បានជួយការងារស្រាលដល់ឳពុកម្តាយ តែពុំមានជាការបំរើឲ្យក្រុមហ៊ុននោះទេ ហើយក្រុមហ៊ុនក៏គ្មានគោលការណ៍ជួលកុមារមិនទាន់គ្រប់អាយុធ្វើការដែរ ដោយបានអនុវត្តនិងគោរពតាមការណែនាំរបស់ក្រសួងការងារ និងក្រសួងរ៉ែថាមពល។
តំណាងក្រុមហ៊ុន លោកបានបញ្ជាក់ជូនថា ក្រុមហ៊ុនវណ្ណាស្រីពៅខូ.អិល.ធី.ឌី ទទួលបានការអនុញ្ញាតិច្បាប់ពីក្រសួងរ៉ែនិងថាមពល ០១៥០រថអធរ.អប ដែលមានអាស្រ័យដ្ឋានភូមិអូចា សង្កាត់អូចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានសិទ្ធធ្វើអជីវកម្មថ្មភក់ នៅតំបន់គូលែនត្បូង ឃុំគូលែនត្បូង ខេត្តព្រះវិហារ ដែលមានសុពលភាព ចាប់តាំងពីថ្ងៃទី១ខែកក្តដាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១ខែកក្តដាឆ្នាំ២០២២ ។
តំណាងក្រុមហ៊ុន វណ្ណាស្រីពៅ បន្តថាក្រុមហ៊ុនពិតជាបាន គោរពតាមច្បាប់នៃការមិនប្រើប្រាស់កំលាំងពលកម្មកុមារគ្រប់លក្ខខណ្ទ តែផ្ទុយទៅវិញក្រុមហ៊ុនបានបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារឲ្យមានការងារធ្វើនិងបង្កើនប្រាក់ចំណូកដល់គ្រួសារ កាត់បន្ថយចំណាក់ស្រុក ហើយក្នុងនោះដែរក្រុមហ៊ុន ក៏បានសាងសង់ផ្លូវលំមួយខ្សែដែលមានប្រវែង៥គ.ម ដោយក្រាលថ្ម ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដឹកជញ្ជូនកសិផលផងដែរ ក្នុងនោះក្រុមហ៊ុននិងបង្កើនសុវត្តិភាពក្នុងការដឹកជញ្ជូនថ្មភក់ឆ្លងកាត់ទីប្រជុំជនឲ្យធានាបានល្អប្រសើរ។
បើយោងតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរជាកម្មករនៅក្នុងការដ្ឋានវាយថ្ម បានឲ្យដឹងថា ក្រោមពីក្រុមហ៊ុនវណ្ណាស្រីពៅ មកដាក់ទីតាំងទីនេះបានធ្វើឲ្យមានការរីកចំរើន និងធ្វើឲ្យពួកគាត់មិនបាច់ចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ ម្យ៉ាងទៀតនោះគឺមានការងារនៅជិតផ្ទះរបស់ខ្លួនថែមទៀត ជាពិសេសគឺក្នុងស្ថានភាព ប្រកាសណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវិដ១៩ រឹតតែធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំកំពុងតែប្រឈមនិងការងារយ៉ាងខ្លាំង។
ដោយសួន លីណា






































