កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា បេីទោះជាយើងបានខិតខំធ្វើការអភិវឌ្ឍន៍ តែបើបងប្អូនប្រជាពលរដ្ឋគាត់នៅមិនទាន់ពេញចិត្តទៀតនោះ គឺយើងត្រូវតែធ្វើការដោះស្រាយជូនដល់គាត់ទៀត ការថ្លែងយ៉ាងដូច្នេះក្នុងអង្គវេទិកាសាធារណៈជាមួយបងប្អូនអាជីវករផ្សារព្រែកដំបូក ស្ថិតនៅក្នុងភូមិព្រែកដំបូកលេី ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោមវត្តមានឯកខត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យត ក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈអាជីវករផ្សារផងដែរ ។
គួរបញ្ជាក់ផងដែរថា ដោយមានការលំបាកក្នុងការលក់ដូររបស់បងប្អូនអាជីវករ អាជ្ញាធរក៏បានស្នើសុំទៅក្រុមហ៊ុនប៉េងហួត គ្រុប សម្រេចជួយកសាងតាមសំណើរ ក្នុងនោះបានជួយចាក់បេតុង២៥០០ម៉ែត្រការេ និងសាងសង់ផ្សារព្រែកដំបូកថ្មី ដោយមានកន្លែងលក់ដូររបស់អាជីវកមុនរុះរើផ្សារមានចំនួន១០៨កន្លែង និងក្រោយពីសាងសង់រួចមានចំនួន១៣៨កន្លែង ហើយការរៀបចំផ្សារ ត្រូវបានប្រគល់ភារៈកិច្ចជូនក្រុមប្រឹក្សាឃុំព្រែកដំបូក និងគណៈអាជីវករផ្សារព្រែកដំបូក ដើម្បីគ្រប់គ្រងសម្របសម្រួល និងចាត់ចែងអនុវត្តន៍ ក្នុងនោះបងប្អូនអាជីវករមួយចំនួនទទួលយកដោយពេញចិត្ត តែក៏មានក្រុមអាជីវករមួយចំនួនទៀត គាត់មិនពេញចិត្តនោះទេ ហើយក៏បង្កជាទំនាស់រ៉ាំរ៉ៃរហូតដល់ពេលនេះ។
ក្នុងអង្គវេទិកានោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនអាជីវករ សូមឲ្យមានការយោគយល់គ្នាទៅវិញទៅមក និងចូលរួមដោះស្រាយបញ្ចប់បញ្ហាដោយសមធម៌ ហើយនាំគ្នាប្រកបមុខរបរលក់ដូររកស៊ីទទួលទាន ឲ្យមានការរីកចម្រើនទាំងអស់គ្នា។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្រេចប្រគល់តូបដែលនៅសេសសល់ ចំនួន២៥កន្លែង ឲ្យទៅគណៈអាជីវករផ្សារគ្រប់គ្រងដោយផ្ទាល់ ដេីម្បីដោះស្រាយតាមសេចក្តីតម្រូវការរបស់បងប្អូនអាជីវករ។ ហើយបង្កើតក្រុមការងារដោះស្រាយបញ្ចប់បញ្ហាត្រឹមរយៈពេល៣០ថ្ងៃ ដឹកនាំដោយអភិបាលរងខេត្តមួយរូប។ ព្រមទាំងធ្វើរបាយការណ៍ជូនទៅថ្នាក់ជាតិ ផងដែរ។