សៀមរាប៖ បទល្មើសនេសាទ កំពុងតែធ្វើសកម្មភាពដូចព្យុះ និងកំពុងតែការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅរដូវបិទនេសាទ យ៉ាងអានាធិបតេយ្យស្ថិតនៅ ក្នុងដែនអភិរក្សសហគមន៍ចងសេះឃុំអន្លង់សំណរ ថែមទាំងបណ្តែតបណ្តោយពុំមានការបង្ក្រាប ដែលត្រូវបានគេដឹងថា មានការបើកភ្លើង ខៀវពីមន្ត្រីរដ្ឋបាលជលផល។
ជាក់ស្តែងបទល្មើសនេសាទ បានធ្វើសកម្មភាពនៅចំណុចទ្រុងជ្រូក ចំណុចតាពៀម និងចំណុចព្រះគន្លង ដែលសុទ្ធតែប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដាក់របាំងសាច់អួន ស្បៃមុង លបរ៉ាវ អ៊ុយ និងរុញស៊ីប មិនតែប៉ុណ្ណោះបទល្មើសឆក់ក៏កំពុងតែ បានដៃយ៉ាងរំភើយ ដោយសារតែ ពុំមានសមត្ថកិច្ចណាម្នាក់រំខានដល់ ការរកស៊ីមុខរបរឆក់ត្រីរបស់ពួកគាត់។
តាមប្រភពព័ត៌មានពីប្រជានេសាទនៅក្នុងស្រុកជីក្រែងថាឧបករណ៍ស្បៃមុង និងមងក្រឡាញឹក ដែលបានសាច់រ៉ាវវែង ដាក់តាមរ៉បមាត់ស្ទឹង ទាំងនេះសុទ្ធតែរបស់បងប្អូនញាតិសន្តាន និងមិត្តភក្តិ មន្ត្រីរាជការ នៅក្នុងឃុំអន្លង់សំណរ ស្ទើរតែ ១០០% ដោយសារតែមានការឃុបឃិតគ្នាដោយក្រុមបក្សបួកនិយមបែបនេះទើបជំនាញមិនអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបាន សូម្បីតែកម្លាំងចម្រុះរបស់គណៈបញ្ជារការឯកភាពស្រុកក៏គ្មានសមត្ថភាពទប់ស្កាត់និងបង្ក្រាបដែរ។
ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅ លោក យឹម ស៊ីវ័ន ជាប្រធានរដ្ឋបាលជលផល សង្កាត់អន្លង់សំណរដើម្បីបំភ្លឺតែគ្មាការឆ្លើយតប។ អ្នកសារព័ត៌មានបានបន្តទូរស័ព្ទទៅ លោក ពៅ ប៊ុនធឿន អភិបាលស្តីទីស្រុកជីក្រែងសួរដើម្បីបំភ្លឺអំពីកាតព្វកិច្ច និងភារកិច្ចរបស់កម្លាំងគណៈ បញ្ជាការឯកភាពស្រុក។ លោកអភិបាលមានប្រសាសន៍ថា៖ តួនាទីនិងកាតព្វកិច្ចរបស់ពួកគេត្រូវតែទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទគ្រប់រូបភាពដោយមិនយោគយល់ ដល់ជនល្មើសណាមួយឡើយ ។
លោកអភិបាលបន្តទៀតថា៖ គាត់ធ្លាប់ប្រាប់មន្ត្រីមានសមត្ថកិច្ចទាំងអស់ត្រូវយល់ពីអត្ថន័យ របស់អនុសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់មានប្រសាស៍ជារឿយៗថារដ្ឋាភិបាលអាណត្តិទី៥ ត្រូវអនុវត្តគោលនយោបាយបែបស៊ីជម្រៅ។ បញ្ហាកើតមាននៅកន្លែងណា អជ្ញាធរមូលដ្ឋានទីនោះជាអ្នកទទួលខុសត្រូវ ។ តើកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកអនុវត្តន៍ច្បាប់បែបណា ទើបប្រជានេសាទនៅក្នុងស្រុកជីក្រែងរិះគន់បាន។