កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវជួយជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យខិតខំបន្តធ្វើការបង្កបង្កើនផល ហេីយបេីមានបញ្ហា ឬមានកង្វល់អ្វីនោះ គឺត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ ដេីម្បីយេីងមានចំណាត់ការដោះស្រាយ។
ការថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់សៀម ។
ក្នុងឱកាសប្រារព្ធពិធីបិណ្ឌ ភ្ជុំបិណ្ឌនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលក្រសួងសុខា ភិបាលបានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺនេះចូលក្នុងសហគមន៍។ 
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន ដែលមានស្មារតីលះបង់ក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បីរួមគ្នាដំណើរការកសាងស្នាក់ការបក្ស ដែលសរុបជាង៤០,០០០ដុល្លារអាមេរិក ដោយលោកឧត្តមសេនីយ៍ទោ សោ សាវឿន និងលោកស្រី បានបរិច្ចាគដីជាទីតាំងសាងសង់អគារនេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម វេង សាខុន បានថ្លែងអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស្បៀង និងជាពិសេសការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែសកម្មថែមទៀត ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ
តាមរយៈការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌ បច្ចេកទេសសមស្របសាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ៕







































