នាយឧត្តមសេនីយ៍ នេត សាវឿន៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានដកអោយមកធ្វើជាមន្ត្រី

0

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានដកអោយមកធ្វើជាមន្ត្រី។

នាយឧត្តមសេនយ៍ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍នៅក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចបានទទួលព័ត៌មានហើយពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំនេះ ហើយក៏បានបញ្ជូនទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ អ៊ាន និងឯកឧត្តមអភិបាលខេត្ត សុខ លូ ដើម្បីពិនិត្យករណីនេះ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ព័ត៌មានជាបឋម ទាក់ទងបញ្ហាលោកអ៊ុក កុសល រឿងនេះមិនមែនជារឿងថ្មីទេ រឿងយូហើយប៉ុន្តែអាចមានបញ្ហាពីព្រោះនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ វាមានបញ្ហា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា សម្តេចមិនទាន់បានសម្រេចដោះស្រាយយ៉ាងមិចនៅឡើយ រង់ចាំក្រុមការងារដើម្បីធ្វើការត្រួតពិនិត្យ។ សម្តេចក្រឡាហោម បានធ្វើលិខិតព្រមានម្តងរួចហើយ សម្តេចបានសន្យាថាក្រោយពីការព្រមានហើយ បើមិនមានការកែប្រែនោះទេ និងឈានមួយជំហ៊ានទៀត គឺការដក ឬការចាត់វិធានការរដ្ឋបាលណាមួយ ដែលធ្ងន់ជាងនេះ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ក្រោយពេលបញ្ចប់ពីធីប្រកាសចូលកាន់មុខតំណែងសមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយសមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥រូប រួមមាន៖

ទី១-លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ
ទី២-លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស
ទី៣-លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ទី៤-លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
ទី៥-លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក ៕