សាលារៀននៅខេត្តព្រះសីហនុ បានបើកដំណើរការសាលារៀនឡើងវិញថ្នាក់បឋម ថ្នាក់ទី៩ និងថ្នាក់ទី១២ដែលជាថ្នាក់ត្រៀមប្រលងសញ្ញាបត្រ

ខេត្តព្រះសីហនុ៖ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០ក្រសួងអប់រំយុវជននិងកីឡាធ្វើពិធីប្រកាសបើកដំណើរការឡើងវិញសាលារៀននៅខេត្តព្រះសីហនុ ក្រោមវត្តមានគណៈធិបតី លោក ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោកជំទាវ ឃុន រចនា មានប្រសាសន៍ថារាជរដ្ឋាភិបាលបានឱ្យក្រសួងអប់រំបើកដំណើការសាលារៀន ឡើងវិញចែកចេញជា៣ ដំណាក់កាលគឺដំណាក់កាលទី១ បើកកាលពីខែសីហាឆ្នាំ២០២០កន្លងមក ដែលមានសាលា២០ដែលបានអនុវត្តតាមស្តង់ដារបទដ្ឋានបច្ចេកទេសដោយតម្រូវក្នុងមួយបន្ទប់មានសិស្សមិនលើស ២០នាក់ ។ ដំណាក់កាលទី២ បើកទូទាំងប្រទេសចែកចេញជាពីរ ទី១ មានខេត្តចំនួន៤ បើកគ្រប់កម្រិតសិក្សាក្នុងទីប្រជុំជនខេត្ត ដែលមិនមានហានីភ័យជំងឺ Covid-១៩ មានដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ។ ដោយឡែកខេត្តផ្សេង ទៀតបើកថ្នាក់ត្រៀមប្រឡងទី៩ និងទី១២ និងសាលា បឋមសិក្សា ។ ហើយការបើកសាលាដំណាក់កាលទី៣ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខ ទន្ទឹមនោះដែរក្រសួងអប់រំបានដាក់ចេញនូវវិធានការឱ្យសិស្សរៀនតាមប្រព័ន្ធអេឡិចត្រូនិច និងតាមបែបប្រពៃណី សម្រាប់សិស្យត្រៀមប្រឡងយកសញ្ញាបត្រ។
លោក ជំទាវឃុនរចនាស្នើលោកគ្រូអ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តអោយបានល្អតាមការណែ នាំរបស់ក្រសួងអប់រំនិងវិធានអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសិស្សានុសិស្សទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះមន្ត្រីអប់រំ បានខិតខំប្រឹងប្រែងជំរុញចុះឈ្មោះសិស្សថ្នាក់ទី១២ សិក្សាតាមប្រព័ន្ធអនឡាញបាន ១០០ភាគរយ និងចុះជំរឿនសិស្សតាមភូមិ ឃុំ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់នាយកនាយិកាសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យសុខភាពសិស្សជាប់ជាប្រចាំដើម្បីយើងមានវិធានការចូលរួមទប់ស្កាត់ជំងឺ Covid-១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍របស់យើង។ឯកឧត្តម គួច ចំរើន ក៏បានផ្ដល់ម៉ាស៊ីនវាស់កំដៅចំនួន ១៣០គ្រឿង ម៉ាស ២,០០០ប្រអប់ ទឹកអាកុលចំនួន ១០០ធុង សាប៊ូលាងដៃ ២,០០០ដុំ និងកំប៉ុងបាញ់ទឹកអាល់កុល ៤,០០០ ដល់មន្ទីរអប់រំ ដើម្បីធ្វើការចែកទៅតាមសាលានានាក្នុងខេត្តព្រះសីហនុ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថានៅខេត្តព្រះសីហនុ មានសាលា ១០១ ក្នុងនោះសាលាមត្តេយ្យ ១សាលា បឋមសិក្សាមាន ៧២សាលា អនុវិទ្យាល័យ ១៨សាលា វិទ្យាល័យ ៩សាលា និងសាលាគរុកោសល្យ និងវិក្រិត្យការ០១ មានសិស្សសរុបចំនួន ៤១,៩៧២នាក់ ស្រីចំនួន ២០,៧៣៨នាក់ ។ សម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០ សិស្សថ្នាក់ទី៩ ចំណេះទូទៅ និងបំពេញ វិជ្ជាសាធារណៈ និងឯកជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានចំនួន ២,៥៩១នាក់ ស្រី ១,២៨៦នាក់ ។ បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៩-២០២០ មានចំនួន ១,៦៦១នាក់ ស្រី ៨៤២នាក់ ចែកចេញជាពីរផ្នែកគឺ ផ្នែកទី១ ថ្នាក់វិទ្យាសាស្រ្តមានសិស្សចំនួន ៥៣៨នាក់ ស្រី ៣០០នាក់ (ផ្នែកភាសា អង់គ្លេសចំនួន ៥៣៦នាក់ ស្រី ២នាក់ និងផ្នែកភាសាបារាំងចំនួន ២នាក់ ស្រី) និងផ្នែកទី២ ថ្នាក់វិទ្យាសាស្ត្រសង្គមមានសិស្សចំនួន ១,១២៣នាក់ ស្រី ៥៤២នាក់៕