ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ លេខ០១៧/២០ ប.ជ ស្តីពីការការពារសន្តិសុខ សុវត្ថិភាពក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ជូនដល់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់ កងឯកភាព និងស្ថាប័នចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិ ជាពិសេសទប់ស្កាត់នូវរាល់ការបង្ករភាពអាណាធិបតេយ្យ និងបង្ករចលនាចលក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌក្នុងអំឡុងភ្ជុំបិណ្ឌនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងគ្រប់ស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវ សហការអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់ តាមបទបញ្ជារបស់យោធភូមិភាគទី៤ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ។
ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់យោធិនគ្រប់រូបឲ្យបានយល់ជ្រួតជ្រាប ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្រូវគ្រប់គ្រងកម្លាំង គ្រឿងបំពាក់ឲ្យបានម៉ត់ចត់ និងចាត់តាំងការប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង គ្រប់កងឯកភាពនិងស្ថាប័នចំណុះ ត្រូវត្រៀមបម្រុងកម្លាំងសម្រាប់អន្តរាគមន៍ ពេលមានបទបញ្ជារបស់ថ្នាក់លើ ដើម្បីត្រៀមសហការដោះស្រាយជាយថាហេតុផ្សេងៗ និងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចបន្ថែមទៀតជូនដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវចាត់តាំងកម្លាំងដើម្បីចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមគោលដៅ កន្លែងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅតាមទីវត្តអារ៉ាម និងតាមរមណីដ្ឋាននានា ជូនប្រជាពលរដ្ឋដែលពួកគាត់បានទៅលេងកំសាន្ត និងសប្បាយរីករាយផងដែរមេបញ្ជាការបញ្ជាការគ្រប់កងឯកភាព បានប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។ដោយ ខេមរា




































