នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ឆ្មក់បង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាកាច់.កម៉ូតូ

ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជារឲ្យលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ចុះបង្ក្រាបនឹងឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាលួចកាច់.កម៉ូតូ យ៉ាងសកម្មនៅក្នុងខណ្ឌសែនសុខ បាន២នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែង កាលពីវេលាម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងផ្ទះសំណាក់ សេះស តាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ទោ គួច សុភា បានឲ្យដឹងថា មុនកើតហេតុជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់.កម៉ូតូបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌសែនសុខអស់ជាច្រើនគ្រឿង ទើបលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ កំពុងតែដេកក្នុងផ្ទះសំណាក់យីហោសេះស ផ្លូវវេងស្រេងនោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់សមត្ថកិច្ចបានបញ្ជូនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនិតិវិធី៕