​​ដី​បឹង​អតីត​តាម​ឡូ​ត៏​នេសាទ​ក្នុង​ខេត្តកណ្តាល ត្រូវ​ឈ្មួញ​មានអំណាច​ទន្ត្រា​ន​យក​អស់ហើយ​

0

​ ​ខេត្តកណ្តាល​៖ ផ្ទៃ​បឹងបួរ ព្រែក អូរ ទន្លេ ដី​រាស្ត្រ ដី​រដ្ឋ ដីព្រៃ​លិច​ទឹក​ដែល​ស្ថិតក្នុង​អតីត​ដែន​ឡូ​ត៏​នេសាទ​នានា​ទូទាំង​ខេត្តកណ្តាល បច្ចុប្បន្ននេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា ស្ទើរតែ​ខ្លាយជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ពួក​ឈ្មួញ​មានអំណាច​អស់​ទៅហើយ ដែល​ពួកគាត់​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅ​ពេលអនាគត ព្រោះ​ខ្លាច​បាត់​អាជីព​ប្រកបមុខរបរ​ធ្វើការ​នេសាទ និង​ធ្វើ​ស្រែចំការ ។​ ​ ​ប្រជាពលរដ្ឋ​បញ្ជាក់ថា ក្នុង​ចុងឆ្នាំ​២០១៣ ដើមឆ្នាំ​២០១៤​នេះ ក្រោយពី​ការបោះឆ្នោត​ថ្នាក់ជាតិ​រួចមក ពួក​ឈ្មួញ​ក្រាស់ៗ​មាន​លោក​ឧកញ៉ា ឯកឧត្តម លោកជំទាវ ល្បីៗ​ឈ្មោះ​បោះ​សំលេង​មួយចំនួន ចាប់ផ្តើម​បញ្ចេញ​គ្រឿងចក្រ​ទន្ទ្រាន​យក​ដីព្រៃ​លិច​លិច​ទឹក យ៉ាងសំខាន់​នោះ​អាណា​ធិ​ប​ត្យេ​បំផុត​ស្ទើរ​ទូទាំង​ស្រុក​នៅក្នុង​ខេត្តកណ្តាល ចំពោះ​អាជ្ញាធរ​ដែនដី និង​ក្រសួង​ជំនាញ ពិសេស​រដ្ឋបាល​ជលផល ដែលមាន​តួនាទី​ការពារ​ដីព្រៃ​លិច​ទឺ​ក​ទាំងនោះ ហាក់ដូច​បន្ធូរដៃ​ហើយ​នាំគ្នា​រុញ​ទូក​ទៅ​បណ្តោយ​ទឹកតែ​ម្តង ។​ ​ ​

ការទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​យ៉ាង​អាណាធិបតេយ្យ​មាននៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកណ្តាល ដូចជា ស្រុក​មុខកំពូល ខ្សាច់កណ្តាល ល្វាឯម កៀនស្វាយ លើកដែក កោះធំ ហើយ​ខ្លាំងក្លា​ជាងគេ​គឺ​នៅ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង ពី​សំណាក់​លោក​ថៅកែ​ធំៗ​ដែល​កំពុងមាន​អំណាច​និង​ទឹកប្រាក់​ដ៏​មហាសាល ៕ ​ ​ប្រ​ភ​ពី​ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ ស្រុក​លើកដែក បានអោយដឹងថា ផ្ទៃដី​ព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​នៅ​ចំណុច​ប្រសប់​ស្រុក​ស្អាង កៀនស្វាយ លើកដែក ខាងលើ​ប្រឡាយ​យាយ​បូរ ត្រូវបាន​ក្រុមហ៊ុន ឡោក ហួរ ធ្វើការ​ទន្ទ្រាន​ហុំ​ព័ទ្ធ​លើក​ជា​ទំនប់​យក​អស់ហើយ ពួកគាត់​មិនដឹងថា ក្រុមហ៊ុន​នោះ​មានច្បាប់​យ៉ាងណាទេ ប៉ុន្តែ​ពួកគាត់​ដឹងថា ជា​ដី​បឹង​របស់​រដ្ឋ ហើយ​ពលរដ្ឋ​អាស្រ័យទៅលើ​បឹងបួរ​ទាំងនោះ​រាប់​ទស្សវត្ស​មកហើយ ។​ ​

​ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ពោធិ​បាន ស្រុក​កោះធំ បានអោយដឹងថា ផ្ទៃដី​ព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ត្រង់ចំណុច​ទួល​ព្រះ​យូ​ហឹ​ង ខាងកើត​វត្ត​ទួល​រាជា ត្រង់ចំណុច​ប្រសប់​ភូមិសាស្ត្រ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ត្រូវបាន​ឯកឧត្តម​ផ្កាយ​៣​យោធា​អង្គរក្ស កំពុង​ឈូសឆាយ​ហុំ​ព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្តាច់មុខ​អស់ហើយ​ដែរ ។​ ​ ​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង បាន​រាយការណ៍​អោយដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូ​ត៏​នេសាទ​លេខ​៤ ៥ ចាប់ពី​ករ​ទល់​អូ​រស​ន្តៃ អន្លង់​ត្រែង​ទឹក អូរ​កោះ​ទង់​រហូតដល់​អុរ​តា​បែ​ខាងត្បូង​វត្ត​ប្រាសាទ ដល់​ព្រំប្រទល់​ឡូ​ត៏​នេសាទ​លេខ​៦ ស្រុក​លើកដែក និង​ឡូ​ត៏​លេខ​៧ ស្រុក​កោះធំ​ក៏ត្រូវ​បាន​ពួក​ឈ្មួញ​ទន្ទ្រាន​និង​កាន់កាប់​យក​អស់ហើយ​ដែរ ដោយ​ក្រោមលេស​អោយ​ឈ្មួញកណ្តាល (​ពួក​គួ​ក​ជេរ​) ដើរ​បំផុស​ពលរដ្ឋ​ល្ងិតល្ងង់​ផ្តិតមេដៃ​លក់​អោយ​ក្រុមហ៊ុន​ពួកគេ​ដែល​ដំបូង​ជា​លុយ​កក់​សិន គឺ​មួយ​គ្រួសារ​៣០​ដុល្លា​សិន ។ ពលរដ្ឋ​បន្តថា ក្នុងនោះ​មេ​បំផុសបំផុល​គឺជា​មេ​សហគមន៍ ឃុំ​ប្រាសាទ​ឈ្មោះ​ចាន់ ផល្លី ជា​មេខ្លោង​ជា​អ្នកដើរ​ចែក​លុយ​កក់​យ៉ាង​អាណាធិបតេយ្យ​មិន​ខ្លាចញញើត​និង​អាជ្ញាធរ​ទេ បើទោះបី​អាជ្ញាធរ​ហាមឃាត់​យ៉ង​ណាក៏ដោយ ។​ ​DSCN0199

​ប្រភព​ច្បាប់​ការ​មួយ​ពី​ពលរដ្ឋ​ឃុំ​ត្រើយ​ស្លា​បានអោយដឹងថា ដី​បឹង​នៅ​ចំណុច​អូរ​តាអាំ អូរ​ប៉ុក ក្នុង​អតីត​ឡូ​ត៏​លេខ​៤ ប្រមាណ​ជិត​៣០០​ហិកតា ត្រូវបាន​ក្រុមហ៊ុន​លោក​ប៊ុន ច័ន្ទ​គ្រឹ​ស្នា លើក​ទំនប់​ហុំ​ព័ទ្ធ​រួចរាល់​ហើយ​ជាការ​ស្រេច​នៅក្នុង​ដើមខែ​កក្កដា ឆ្នាំ​២០១៤​នេះ ករណីនេះ​ក្រុមការងារ​ក្រុមហ៊ុន​លោក​ប៊ុន ច័ន្ទ​គ្រឹ​ស្នា អះអាងថា មានច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង ជំនាញ​រដ្ឋបាល​ជលផល ចំណុច​នេះ​ពលរដ្ឋ​មិន​យល់​ទេ ហេតុអ្វី​ថ្នាក់លើ​ចេញ​ច្បាប់​អោយ​បំផ្លាញ​ដីព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ដ៏​សំខាន់​សំរាប់​មច្ឆា​ជាតិ​ជ្រក​នៅ​ពង​កូន​បែបនេះ​? ។​ ​ ​ពលរដ្ឋ​ឃុំ​ត្រើយ​ស្លា​បាន​បន្តទៀតថា ផ្ទៃដី​នៅ​ខាងកើត​អាង​ពាម​សូរ (​ភូមិ​យួន​) តំបន់​ន​ប្រឡាយ​លេខ​៧៥ អតីត​ឡូ​ត៏​នេសាទ​លេខ​៤ ជិត​២០០​ហិកតា ក៏ត្រូវ​បាន​ឈ្មោះ ចឹ​ម គឺជា​មេភូមិ​ទួល​ក្តី (​លេខ​៩) និង​ឈ្មោះ​ហុក សំបូរ ឈ្មោះ​យុង សារ៉ាន់​ជា​មេការ​ធំ​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ និង​ដី​រាស្ត្រ​មួយចំនួន​អោយទៅ​ឈ្មួញ ឈ្មោះ​ហ៊ុន ហៀ ហើយ​ហ៊ុន ហៀ លើក​ទំនប់​រួចរាល់​ថ្មីៗ​មកនេះ ប៉ុន្តែ​ត្រូវបាន​ជលផល​ខណ្ឌ​កណ្តាល ចុះ​ចាប់​គ្រឿងចក្រ​បាន​៣​គ្រឿង រួច​អោយ​ឈូសឆាយ​លក់​ប្រឡាយ​ដែល​ជីក​ហើយ​នោះ​វិញ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល ។​

​ ​ពលរដ្ឋ​ភូមិ​ព្រែក​តា​តិ​ន ឃុំ​ស្វាយ​ប្រទាល បានអោយដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​ឡូ​ត៏​លេខ​៣ ចាប់ពី​ព្រំប្រទល់​ស្រុក​កៀនស្វាយ រហូតដល់​ខ្នង​អាង​យុវជន​ជាង​២០០​ហិកតា ត្រូវបាន​លោក​ឧកញ៉ា​កែវ សាន្ត កាន់កាប់​អស់កាល​យូរ​ឆ្នាំ​មកហើយ បច្ចុប្បន្ន​គាត់​លក់​តែ​ត្រី​ធម្មជាតិ​តាម​ប្រឡាយ​អោយទៅ​ឈ្មោះ​គឹម ពេញ​អធិការរង​ស្រុក​ស្អាង រាប់ម៉ឺន​ដុល្លា​ក្នុង​មួយឆ្នាំៗ លោក​គឹម ពេញ កាន់កាប់​នេសាទ​ដោយ​ឧបករណ៍​ល្មើសច្បាប់​បូម​ពង្រីង​បឹង​ឆក់​យ៉ាង​អាណាធិបតេយ្យ គ្មាន​អោយ​ប្រជារាស្ត្រ​ណា​ម្នាក់​ចូលទៅ​នេសាទ​ត្រី ឬ​ច្រូតស្មៅ​គោ ឬ​បេះ​ត្រកួន​អោយ​ជ្រូក​ស៊ី​បានឡើយ ។​ ​ ​ប្រជាពលរដ្ឋ​ភូមិ​លេខ​៣ ព្រែក​យូ​ហឹ​ង ឃុំ​ត្រើយ​ស្លា​បាន​អោយដឹងទៀតថា ដី​បឹង​ចាប់ពី​ចុង​ព្រែក​ព្រះ​យូ​ហឹ​ង រហូតដល់​ខ្នង​អាង​យុវជន​ខាងត្បូង ក្នុង​ឡូ​ត៏​នេសាទ​លេខ​៣​ពីមុន ក៏ត្រូវ​ស្ត្រី​ឈ្មោះ ច្រេ​ង សៀក រស់នៅ​ភូមិ​លេខ​៣​ឈូសឆាយ​និង​ទន្ទ្រាន​យក​ក្នុងពេល​ថ្មីៗ​នេះដែរ ។​ ​ ​ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​ក្រាំង​យ៉ូ​វ បាន​ប្រាប់​អោយដឹងថា ដី​អតីត​ឡូ​ត៏​នេសាទ​លេខ​១ ចំណុច​បឹង​ធំ បឹង​ស្លាបទា រាប់រយ​ហិកតា​ត្រូវបាន​ក្រុមហ៊ុន​កុក អាន កំពុង​លើក​ទំនប់​ហុំ​ព័ទ្ធ​យក​ស្ទើរ​រួចរាល់​ហើយ​ដែរ ។​ ​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ​បានអោយដឹងថា ដីព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ក្នុង​ឡូ​ត៏​លេខ​១​ជាប់​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង កំពុង​ត្រូវបាន​ឈ្មួញ​មានអំណាច​ពីរ​ក្រុម កំពុង​ឈ្លោះ​ហែកហួរ​ដណ្តើម​គ្នា​យក​ធ្វើជា​កម្មសិទ្ធិ​រៀងខ្លួន ក្នុងនោះ​មាន​លោកជំទាវ​សារឿន លោកជំទាវ​លន់ ហៅ​យាយ​លន់ និង​លោកជំទាវ សៀង ចាន់​ហេង ប្រធាន​ក្រុ​ក​ហ៊ុន​ហេង​អភិវឌ្ឍន៍ ដែល​ល្បីល្បាញ​សំបូរ​ដីធ្លី​ជាងគេ​នៅ​ខេត្តកណ្តាល សំបូរ​ទាំង​ប្រាក់ សំបុ​រទាំង​រឿងរ៉ាវ​ទាស់ទែង​គ្នា​រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន និង​ជាមួយ​រាស្ត្រ​ស្លូតត្រង់​នៅ​ស្រុក​កណ្តាលស្ទឹង ហើយ​ដី​យាយ​ហេង​កន្លែង​ណា​ក៏មាន​ប្លង់​និង​ជា​កម្មសិទ្ធិ​ផងដែរ ព្រោះ​ប្លង់​គាត់​សុទ្ធតែ​ជិះ​យន្តហោះ​បាញ់​ពីលើ​អាកាស់​តែម្តង ។​ ​ ​ប្រភពពី​ប្រជាពលរដ្ឋ​ពី​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ បានអោយដឹងថា ដី​បឹង​ក្នុង​ឡូ​ត៏​លេខ​៣​រាប់រយ​ហិកតា​ត្រង់ចំណុច​ប្រសប់​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង​ក៏​ឈ្មួញ​ពីរ​ក្រុម​កំពុង​ហែកហួរ​គ្នា​យក​ដែរ ហើយ​កំពុង​ប្តឹងផ្តល់​គ្នា​ទៀតផង គឺ​ក្រុម​ឯកឧត្តម ឈន សារី​ណេ និង​ក្រុម យូ ណារិន ជា​មន្ត្រី​យោធា​ដូចគ្នា ។​

​ ​ខាង​ភាគី​ឈន សារី​ណេ បាន​អះអាងថា គាត់​បាន​ទិញ​ដី​នេះ​ស្របច្បាប់​ពី​ក្រុមហ៊ុន 7NG ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់ ចំណែក យូ ណារិន អួតថា ទិញ​ពី​ប្រជាពលរដ្ឋ​ជា​យូរ​ឆ្នាំ​មកហើយ​ដែរ ។​ ​ ​ទាក់ទិន​ការរំលោភបំពាន​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ដែលជា​សម្បត្តិ​ខាងលើ​របស់​អ្នកមានអំណាច មាន​ប្រាក់​ខាងលើនេះ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ជលផល​ថ្នាក់ខ្ពស់​អះអាងថា ទោះបី​ឡូ​ត៏​នេសាទ​ត្រូវ​កាត់​រំសាយ​ក្តី ដីព្រៃ​ក្នុង​អតីត​ឡូ​ត៏​នេសាទ​នានា​ទាំងអស់​ស្ថិត​ជា​សម្បត្តិ​រដ្ឋ​ដ៏​ដែល ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ពិសេស​គឺ​នាយកដ្ឋាន​រដ្ឋបាល​ជល​ផល រហូត​ខណ្ឌ ផ្នែក និង​សង្កាត់​ជលផល​ស្រុក ការទន្ទ្រាន​បំពាន​ដីធ្លី ដី​បឹង​ខាងលើ​គឺជា​រឿង​ខុសច្បាប់​ស្ទើរ​ទាំងស្រុង ៕ រ៉ាំ​បូរ​