ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចំនួន៦នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះស្រាវជ្រាវ បំបែកករណីឃាត់កម្មគិតទុក្ខជាមុន លើប្តីខ្លួនបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ព្រោះដោយខឹងប្តីធ្វើបាប និងប្រមាថសម្លាប់ ស្ថិតនៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីបានទទួលបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង០៧.០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នៅចំនុចUTM(452386_1557488) ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តចំនួន០៦នាក់ រថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះស្រាវជ្រាវ និងបង្ក្រាបករណីឃាដកម្មគិតទុកជាមុន ដែលកើតឡើងកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ចន្លោះវេលាម៉ោង២០.០០នាទី ទៅម៉ោង២១.០០នាទី ស្ថិតនៅភូមិ ឃុំ កើតហេតុខាងលើ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់បន្តថា នៅក្នុងហេតុការណ៍ចុះបង្ក្រាបខាងលើ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិន សែន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ(ជាប្រពន្ទ) រស់នៅភូមិ ឃុំខាងលើជាមួយគ្នា ។ លោកថាជនរងគ្រោះស្លាប់ ដោយសារប្រពន្ធបានយកដំបងក្រញូងជ្រុងប្រវែង៣,៧០ស ម មកវាយចំក្បាលផ្នែកខាងមុខជាច្រើនដំបង នៅពេលដែលជនរងគ្រោះកំពុងដេកលក់ បណ្ដាលអោយចំចិញ្ជើមឆ្វេងដាច់ប្រវែង០៥ស ម ចំចង្កាដាច់ប្រវែង៦,៥០ស ម បាក់ធ្មេញ ចំដងកាំបិតដាច់ប្រវែង៣,៥០ស ម និងមានស្នាមដាច់តូចៗនៅលើផ្ទៃមុខជាច្រើនទៀត។ មូលហេតុខឹងនឹងប្តីធ្វើបាប ម្រមាថសម្លាប់ ក្រោយបង្កហេតុរួចជនសង្ស័យបានយកដំបងនោះទៅបោះចោលក្នុងដីឡូគ្មានផ្ទះមានព្រៃតូចៗចម្ងាយ១១,៥០ម៉ែត្រពីកន្លែងជនរងគ្រោះដេក ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងដែរថា ជនរងគ្រោះ មានឈ្មោះ ថេន ធីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ (ត្រូវជាប្តីជនដៃដល់) រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ាមេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿង ដើម្បីធ្វើការបញ្ជួុនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការតាមនិតិវិធីច្បាប់៕