កំពង់ឆ្នាំង៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានកសាងសំណុំរឿងពិន័យម្ចាស់ឈើនិងម្ចាស់រថយន្តដឹកឈើប្រណិតមួយគ្រឿងតាមផ្លូវច្បាប់ដែលមានទឹកប្រាក់ជាង៥លានរៀល បន្ទាប់ពីសមត្ថកិច្ចចំរុះសហការគ្នាឡោមព័ទ្ធចាប់បាន កាលពីម៉ោងម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៤ នៅលើផ្លូវលំក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស និងដែលមានមន្ត្រីនគរបាលខេត្តម្នាក់កាងផងនោះតែកាងមិនសំរេច។
លោកនាយផ្នែករដ្ឋបាលព្រៃឈើរមាសស្រុកទឹកផុសបានអោយដឹងថា៖រថយន្តដែលសមត្ថកិច្ចចំរុះចាប់បាននោះម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ង៦៩០៤ ភព២ ដឹកឈើប្រណិតប្រភេទធ្នង់ចំនួន៨ដុំស្មើនិងជាងកន្លះគូប តាមច្បាប់ស្តីពីព្រៃឈើការដឹកជញ្ជូនផល អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិត្រូវធ្វើការផាកពិន័យអន្តការ ដែលលោកបានកសាងសំណុំរឿងនេះដាក់ជូន នាយខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងតុលាការខេត្តធ្វើការផាកពិន័យតាមច្បាប់ នូវទឹកប្រាក់ប្រមាណជាង៥លានរៀល ទើបប្រគល់រថយន្តអោយវិញ តែឈើប្រណិតត្រូវដកហូតជាសម្បត្តិរដ្ឋ។
ចំណែកម្ចាស់រថយន្តនិងម្ចាស់ឈើរស់នៅក្នុងស្រុកទឹផុស មិនត្រូវបានគេអោយស្គាល់អត្តសញ្ញាណឡើយ។ គួរបញ្ជាក់ថា នៅក្នុងច្បាប់ស្តីពីព្រៃឈើ មានមាត្រា២ដែលត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើធ្វើការចោទប្រកាន់។មាត្រាមួយគឺត្រូវធ្វើការផាកពិន័យអន្តការតាមតម្លៃឈើក្នុងទីផ្សារគុណនិង៣ដង ចំណែកឈើត្រូវរឹបអូសជាសម្បតិ្តរដ្ឋ រីឯរថយន្តត្រូវប្រគលអោយម្ចាស់គេវិញ។ដោយឡែកមាត្រាច្បាប់មួយទៀតនោះបើគេធ្វើការចោទប្រកាន់គឺត្រូវរឹបអូសទាំងឈើទាំងរថយន្តជាសម្បតិ្តរដ្ឋ ចំណែកម្ចាស់ឈើត្រូវចាប់ខ្លួនដាក់ពន្ធនាគារទៀតផង។
ប្រភពព័ត៌មានមួយទៀតពីមន្ត្រីក្នុងស្នងការនគរបាលខេត្តបានអោយដឹងថា៖លោកសក្ត័បួនកន្លះជាមន្ត្រីនគរបាលខេត្តម្នាក់ដែលរងការចោទប្រកាន់ថាបានរកស៊ីកាងបទល្មើសខាងលើនេះ គេបានខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីកាសែតនិងទូរទស្សន៍ក្នុស្រុកបានចេញផ្សាយរឿងអាស្រូវរបស់គេ និងត្រូវបានលោកស្នងការនគរបាលខេត្តហៅមកព្រមាននិងស្តីបន្ទោសអោយយ៉ាងខ្លាំង។មិនតែប៉ុណ្ណោះរូបគេបានទៅសុំយោបល់ពីលោកព្រះរាជអាជ្ញារងខេត្តម្នាក់ដែលជាបក្ខពួក ចង់ប្តឹងអ្នកកាសែតនិងទូរទស្សន៍ទៀតផង ដែលទង្វើនេះត្រូវបានគេយល់ថាជាការគំរៀមកំហែងមកលើសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។
រឿងមួយទៀតនោះក្រោយពេលកាសែតនិងទូរទស្សន៍ចេញផ្សាយ លោកសក្ក័បួនកន្លះរូបនោះបានលើកបក្ខពួកទៅឡោមពទ្ធ័ផ្ទះមន្ត្រីម្នាក់ដែលជាប្រភពរាយការណ៍អោយក្រុមអ្នកកាសែត ដោយចោទ ប្រកាន់បំភ្លៃព្រោះតែគំនុំថា ផ្ទះរបស់គេលេងបៀរអាប៉ោង និងបានបំបាក់មុខគេដោយចាប់ខ្លួនប្រភពអ្នកកាសែតនោះមកកាន់អធិការនគរបាលស្រុកអប់រំទៀតផង តែក្រុមអ្នកកាសែតយើងមិនខ្វល់ទេអ្នកណាធ្វើខុសច្បាប់អ្នកនោះត្រូវតែទទួលខុសត្រូវ គឺមិនកាន់ជើងនាំអោយពិការធ្វើការនោះទេ។
ក្រុមអ្នកសារព័ត៌មានក្នុងខេត្តដែលដឹងរឿងអាស្រូវលោកសក្ត័បួនកន្លះរូបនោះបានអោយដឹងថា៖លោកសក្ក័បួនកន្លះនោះ មានរឿងអាស្រូវច្រើនណាស់ ដូចជារឿងលក់គោ លក់ឈើខុសច្បាប់ លក់ដីជាដើម ហើយរឿងដែលគេបានដកតំណែងពីមុនមកនោះដោយសាររឿងអ្វីកុំថាគេមិនដឹងអោយសោះ។រឿងដែលអ្នកកាសែតមិនបញ្ចេញឈ្មោះចំៗក្នុងរឿងកាងឈើខាងលើ ព្រោះតែគេចង់ទុកមុខទុកមាត់អោយកែខ្លួនតែប៉ុណ្ណោះ។បើមិនចង់កែខ្លួនទេនោះសូមលោកបន្តធ្វើសកម្មភាពកាងបទល្មើសបន្តទៀតទៅថ្ងៃណាមួយគង់តែលោកប្រុសបងដឹងខ្លួនមិនខានឡើយ៕