កំពង់ឆ្នាំង៖ បុរសបានរងបួសប្រអប់ជើងស្តាំធ្ងន់ធ្ងររកកលនឹងរលួយដោយសារពស់ពព្លាក់ចឹក ដឹកយកមកមន្ទីរពេទ្យខេត្តយឺតយ៉ាវ។ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ជើងភ្នំក្បាលខ្លា ក្នុងភូមិក្តុល
ឃុំគ្រាំងស្ការ ស្រុកទឹកផុសនៅពេលដែលបុរសរងគ្រោះកំពុងជញ្ជូនអុសដាក់រទេះគោហើយបានដើរជាន់លើពស់នៅក្រោមស្លឹកខ្លុង។ ក្រុមគ្រួសាជនរងគ្រោះបាននិយាយអោយដឹងថា៖ បុរសរងគ្រោះមានឈ្មោះ ខ្វើ ជំនិត អាយុ២១ឆ្នាំ មានទៅលំនៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
មុនពេលកើតហេតុ បុរសរងគ្រោះ ជាមួយអ្នកភូមិជិតខាងបានទៅកាប់អុសដុត នៅចំណុចខាងលើនេះ។លុះពេលល្ងាចក៏បានជញ្ជូនអុសដាក់រទេះគោ មិនបានឃើញសត្វពស់នោះទេគឺវានៅក្រោមស្លឹកខ្លុង ពេលដើរជាន់លើស្លឹកខ្លុង ភ្លាមនោះសត្វពស់ពព្លាក់មានទំហំប៉ុនមេជើងមនុស្សចាស់បានចឹកចំលើប្រអប់ជើងខាងស្តាំ ចំនួន២កន្លែងតែម្តង។ ក្រោយពេលពស់ចឹកទើបជនរងគ្រោះមានភាពពើតចុកចាប់យ៉ាងខ្លាំងទម្លាក់អុសចោលហើយរត់ចេញពីកន្លែងកើតហេតុ។
បន្ទាប់មកជនរងគ្រោះបានស្រែកហៅអ្នកភូមិដែលទៅជាមួយគ្នាអោយជួយដឹកត្រឡប់មកផ្ទះវិញ និងបានបន្តដឹកមកដល់មន្ទីពេទ្យនៅម៉ោងជាង៨យប់ដោយសារតែផ្លូវឆ្ងាយ។នៅក្នុងមន្ទីរពេទ្យជើងបុរសរងគ្រោះ បានហើមប្រេះចេញទឹកដោយសារឥទ្ឋិពលពិសរសត្វពស់។ គ្រូពេទ្យដែលបានជួយសង្គ្រោះបុរសខាងលើបាននិយាយអោយថា៖អ្នកជំងឺត្រូវពស់ចឹកម្នាក់នោះ ចង់ហួសពេលទៅហើយ ព្រោះតែដឹកមកដល់ពេទ្យយឺតយ៉ាវ ប៉ុន្តែដោយសារការខិតខំព្យាមយាមសង្គ្រោះរបស់គ្រូពេទ្យទើបគាត់បានរួចផុតពីគ្រោះថ្នាក់។ប៉ុន្តែជនរងគ្រោះអាចត្រូវសម្រាកព្យាបាលក្នុងពេទ្យយូរ ថ្ងៃទៀត ព្រោះពិសបានជ្រាបសព្វកន្លែងក្ន្ងខ្លួន និងជើងដែលរងរបួសដោយត្រូវពស់ចឹកកំពុងហើមប្រេះចេញទឹក និងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់នៅឡើយ ព្រោះវាអាចនឹងរលួយ តែបើវាមិន រលួយទេនោះ គេនឹងគេចផុតពីភាពពិការបាន ។
លោកគ្រូពេទ្យខេត្តអំពាវនាវនិងផ្តាំផ្ញើរដែរថា៖ពេលមានបងប្អូនត្រូវពស់ចឹកត្រូវយកខ្សែចងការ៉ូលើមុខរបួសដើម្បីកុំអោយពិសពស់ជ្រាបដលើបេះដូង នឹងសូមប្រញាប់ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តទាន់ពេលវេលាកុំអោយយឺតយ៉ាវ ព្រោះមន្ទីរពេទ្យខេត្តមានថ្នាំចាក់បន្សាបពិសមានប្រសិទ្ឋភាពណាស់ ប៉ុន្តែបើយឺតយ៉ាវច្រើនម៉ោងជនរងអាចមានគ្រោះថ្នាក់បាន៕



































