កំពង់ចាម : ពិធីបុណ្យ ភ្ជុំបិណ្ឌ ដែល ជា ពិធី បុណ្យ ដ៏ ធំ មួយ របស់ ខ្មែរ យើង សម្រាប់ ការ ធ្វើ បុណ្យទាន ឧទ្ទិស កុសល ជូន ដល់ វិញ្ញាណក្ខន្ធ ដូនតា ដើម្បី សុំ សេចក្ដី សុខ រកស៊ី ទទួលទាន មាន បាន ដោយការ ជួបជុំ សាច់ញាតិ បងប្អូន និង ការ ដើរ លេងកម្សាន្ត នៅតាម រមណីយដ្ឋាន នានា យ៉ាង សប្បាយ រីករាយ ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយរាប់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ខេត្ត កំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តសរុបចំនួន ៣៥.៥៩៧ នាក់ ក្នុងនោះភ្ញៀវ បរទេស មានចំនួន ២៣នាក់ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំនួនភ្ញៀវទាំងអស់នោះ គឺមកទស្សនាកំសាន្ត នៅតាមកន្លែងកំសាន្តនានា មានដូចជា៖ រមណីដ្ឋានទឹកឆា រមណីដ្ឋានកសិ ថ្មដាទឹកឆា រមណីដ្ឋានភ្នំហាន់ជ័យ រមណីដ្ឋានឬស្សី រមណីដ្ឋាន ភ្នំប្រុស ភ្នំqស្រី រមណីដ្ឋាននគរបាជ័យ និងអាហារដ្ឋានស្មៅទន្លេ ។
លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ក៏បានបញ្ជាក់ដែរថា ចំពោះ ស្ថានភាពទូទៅ នៅតាមកន្លែងកម្សាន្ត និងនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ នឹងមានការយាមប្រចាំការ ពីកម្លាំងសមត្ថកិច្ច ។ ចំណែកឯ ការលក់ដូរ ក៏ដូចជាតម្លៃទំនិញវិញ ពុំមានការឡើងថ្លៃហួសពីប្រក្រតីនោះឡើយ ៕