ហ្គាហ្សាៈ ទោះបីជាមានការអំពាវនាវជាថ្មីពីប្រមុខអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមហាអំណាចនានាឲ្យបញ្ឈប់ការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក្តី ក៏ការវាយប្រយុទ្ធគ្នា ការផ្លោងគ្រាប់ដាក់គ្នា និងការតវ៉ានានាកើតឡើងកាន់តែខ្លាំងក្លា។ ការប្រយុទ្ធគ្នារយៈពេល១៨ថ្ងៃមកនេះ បានបណ្តាលឲ្យជនប៉ាឡេស្ទីនជាង៨៤០នាក់បានស្លាប់ និងរបួសរាប់ពាន់នាក់។ តាមវេបសាយបរទេសដេលីមែល ផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៤ បានបង្ហាញថា មនុស្ស៨៤៤នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នារយៈពេល១៨ថ្ងៃមកនេះ។ អ៊ីស្រាអែលបានបដិសេធបទឈប់បាញ់ ហើយបន្តបាញ់ផ្លោងដាក់តំបន់ហ្គាហ្សានៅថ្ងៃនេះ បណ្តាលឲ្យមនុស្ស៥៥នាក់បន្ថែមទៀតបានស្លាប់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (U.S. Secretary of State John Kerry) បាន និយាយថា ពួកគេនៅតែប្រយុទ្ធគ្នានៅឡើយ រហូតមកដល់ថ្ងៃនេះ។ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Israeli Prime Minister Benjamin Netanyahu ) បានប្រាប់លោក ឃើរី ថា កិច្ចព្រមព្រៀងអាចត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ។
ជនប៉ាឡេស្ទីនរាប់រយនាក់បានតវ៉ានៅក្រុងហ្សេរូសាឡិម ដោយប៉ះទង្គិចជាមួយទាហាន បណ្តាលឲ្យមានអ្នក របួសជាង២០០នាក់ ផងដែរ។ សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃទី២៤ កក្កដា បានវាយប្រហារលើភាគខាងជើងជ្រោយហ្គាហ្សា ត្រូវចំសាលារៀនមួយគ្រប់គ្រងដោយអ.ស.ប ជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៥នាក់ ហើយច្រើននាក់ទៀតត្រូវរបួស ។ ដោយសារទង្វើផ្គើនបែបនេះ លោកអគ្គលេខាធិការ អ.ស.ប បាន គីមូន បានសម្តែងការក្តុកក្តួលយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិល និងបានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ព្រមទាំងក្រុមប៉ាឡេស្ទីនមួយចំនួនទៀត។ តុល្យការនៃការវាយប្រហារលើភាគខាងជើងជ្រោយហ្គាហ្សាកាលពីថ្ងៃទី២៤ កក្កដា ធ្វើឱ្យចំនួនជនប៉ាឡេស្ទីន ដែលស្លាប់ចាប់តាំងពីថ្ងៃទី៨ កក្កដា មក ឡើងដល់៧៦២នាក់ហើយ ។ ចំណែកខាងអ៊ីស្រាអែលវិញ បាត់បង់ទាហានយ៉ាងតិច៣២នាក់ ក្នុងការប៉ះទង្គិចគ្នា និងក្នុងការបាញ់គ្រាប់រ៉ុក្កែតរបស់ពួកប៉ាឡេស្ទីន ហើយជនស៊ីវិលអ៊ីស្រាអែល៣នាក់ក៏ស្លាប់ដែរ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៅហ្គាហ្សា លោក អាស្រាវ អាល់ គីដ្រា បញ្ជាក់ថា ការវាយប្រហារប្រឆាំងសាលារៀនខាងលើនោះក្រៅពីមនុស្សស្លាប់១៥ នាក់ មនុស្សដល់ទៅ២០០នាក់ទៀត ត្រូវរបួសបញ្ជូនមកកាន់មន្ទីរពេទ្យនានា។ ក្រុមហាម៉ាស់ នាថ្ងៃទី២៤ កក្កដា បានបន្តបាញ់គ្រាប់រ៉ុក្កែតដាក់ដែនដីអ៊ីស្រាអែល និងសុំ លុបចោលការហ៊ុមព័ទ្ធជ្រោយ ហ្គាហ្សា ខណៈអ៊ីស្រាអែលផ្លោងគ្រាប់ដាក់ជ្រោយហ្គាហ្សា ហើយថា មកពីបញ្ហារូងក្រោមដី ។ កិច្ចព្រមព្រៀងសន្តិភាពនៃភាគីទាំង២ ហាក់ស្ថិតនៅសែនឆ្ងាយ តែគេក៏រង់ចាំដំណោះស្រាយនៅថ្ងៃសៅរ៍នេះ៕