អគ្គស្នងការនគរបាលជាតិ÷កងកម្លាំងនគរបាលនៅតាមបន្ទាត់ព្រំដែនគោកជាប់ខេត្តបាត់ដំបងត្រូវមានវិធានការអោយខាងតែបាននូវរាល់សកម្មភាពជនឆក់ឱកាសដែលបង្កអសន្តិសុខចង់បំផ្លាញសុខសន្តិភាព

0

ខេត្តបាត់ដំបង÷លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត.សាវឿនអគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលដែលស្ថិតឈរជើងការពារនៅតាមបន្ទាត់ព្រំដែនជាប់នឹងខេត្តបាត់ដំបងទាំងអស់ត្រូវបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តរួមទាំងកងកម្លាំងពាក់ព័ន្ធក្នុងការត្រៀមទប់ស្កាត់ឲ្យខាងតែបាននូវរាល់សកម្មភាពរបស់ជនមួយចំនួនតែងមានឧបាយកលអាក្រក់ចូលមកបង្កភាពចលាចលបង្កអសន្តិសុខចង់បំផ្លាញនូវសុខសន្តិភាពនិងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។ការថ្លែងបែបនេះខណះដែលលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត.សាវឿនអគ្គស្នងការនគរបាលជាតិបានអញ្ជើញជាគណះអធិបតីក្នុងពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រីសាត.គឹមសាន្តឲ្យទទួលនូវមុខតំណែងថ្មីជាស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០នេះ។ខណះដែលលោកអ៊ុច.សុខុនអតីតស្នងការនគរបាលខេត្តត្រូវបានចូលនិវត្តន៍។
ការដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនាពេលនេះស្របពេលដែលទណ្ឌិតសម.រង្ស៊ីបានប្ដេជ្ញាចូលមកកម្ពុជាម្ដងទៀតជាលើកទី២ខណះលើកទីមួយត្រូវបានបរាជ័យ។លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា÷បើសិនជាទណ្ឌិតមានការប្តេជ្ញាវិលមកកម្ពុជាវិញនោះរាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលទណ្ឌិតរូបនេះ។ហើយកិច្ចការនេះលោកនាយឧត្តមអគ្គស្នងការនគរបាលជាតិសង្ឃឹមថាគ្រប់គណៈបញ្ជាការកងឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងនឹងមានវិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ជនបង្កបញ្ហាអសន្តិសុខនិងជនដែលបង្ករំខាននិងចង់បំផ្លាញនូវសុខសន្តិភាពនិងសន្តិសុខសង្គម។
ជាមួយគ្នានេះផងដែរលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត.សាវឿនក៏បានស្នើដល់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ត្រូវបន្តនូវកិច្ចសហការល្អជាមួយកងកម្លាំងនគរបាលខេត្តក្នុងការរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនិងក្តីបារម្ភនានារបស់ពលរដ្ឋពិសេសបញ្ហាអំពើចោរកម្មគ្រឿងញៀននិងមានការផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ផ្លូវគោកជាដើម៕សៅ សារិទ្ធ