កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការចែកជីចំនួន៩តោន ជូនដល់ប្រជាកសិករចំនួន៩០គ្រួសារ នៅឃុំស្វាយខ្សាច់ភ្នំ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាធាតុចូលកសិកម្ម សម្រាប់គាំទ្របណ្តុំអាជីវកម្ម នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់តាមដងទន្លេមេគង្គ ភាគច្រើននិយមធ្វើការដាំដុះបន្លែរួមផ្សំផ្សេងៗ សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយពីមុនដាំដុះតាមទម្លាប់ហើយសល់ពីហូបចុកទេីបយកទៅលក់ដូរនៅទីផ្សារ ដោយឡែកបច្ចុប្បន្ននេះ កសិករយើងមានបច្ចេកទេសត្រឹមត្រូវតាមរយៈការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ ក្នុងការដាំដុះសម្រាប់ធ្វើការប្រកួតប្រជែងនៅទីផ្សារនានា បន្ទាប់ពីមានការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រចង្វាក់ទីផ្សារនាំចេញទៀតផង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា បន្ទប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តហេីយនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំយកចិត្តទុកដាក់ ក្នុងការដាំដុះបង្កបង្កើនផលដំណាំកសិកម្មស ហើយក៏ត្រូវមានភាពស្មោះត្រង់ ចំពោះការនាំចេញទៅលក់ដូរនៅទីផ្សារផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងសហការជាមួយអាជ្ញាធរទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕