ឯកឧត្តម ហុក វណ្ណធីណា នាំយកថវិការួមនឹងសម្ភារៈមួយចំនួន របស់សប្បុរសជនឧបត្ថម្ភដល់កងទ័ព ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ

0

ព្រះវិហារ៖ ឯកឧត្តម ហុក វណ្ណធីណា នៅក្នុងនាមជាពលរដ្ឋធម្មតា បានដឹកនាំប្រតិភូខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ។ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកជំទាវ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន មកពីតាមបណ្តាអង្គភាព នៃវរសេនាតូចទាំងប្រាំចំណុះ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមឯកឧត្តម ក៍ដូចជានាយ និងពលទាហាន រួមទាំងគ្រួសារទ័ពទាំងអស់នៅទីនេះ ពិតជាមានចិត្តសប្បាយរីករាយ ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់ឯកឧត្តម ហុក វណ្ណធីណា ដែលបានឈ្លៀតឱកាសដ៍មមាញឹកដឹកនាំប្រតិភូចុះសាកសួរសុខទុកកងទ័ព ពិសេសបាននាំយកអំណោយជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន មកជួយឧបត្ថម្ភដល់កងទ័ព ដែលកំពុងមានភារៈកិច្ចឈរជើងការពារដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ទិសទី១ប្រាសាទព្រះវិហារ ។

ឯកឧត្តម ហុក វណ្ណធីណា បានលើកឡើងថា អំណោយដែលនាំមកជួយឧបត្ថម្ភដល់កងទ័ព តាមរយៈដំណើរចុះសួរសុខទុក្ខនៅថ្ងៃនេះ គឺបានមកពីការគៀងគរ ព្រមទាំងការជួយឧបត្ថម្ភចេញពីទឹកចិត្ត ដ៍ថ្លៃថ្លារបស់សម្បុរសជន។ បើទោះបីជា វាមានចំនួនតិច មិនសមល្មមទៅតាមតម្រូវការ ដែលបងប្អូនចង់បាន តែវាជាវប្បធម៏ចែករំលែក និងជាការតបស្នងចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខ ពីបងប្អូននៅសមរភូមិក្រោយ។

ឯកឧត្តម ហុក វណ្ណធីណា បានថ្លែងលើកឡើងបន្តថា ជាលើកទី២ហើយ ដែលឯកឧត្តមបានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខជាមួយបងប្អូនកងទ័ពនៅទីនេះ និងនៅក្នុងនាមឯកឧត្តម ព្រមជាមួយនឹងប្រតិភូអមដំណើរដូចជាប្រជាជនធម្មតា សូមសំដែងការកោតសរសើរខ្ពស់ ចំពោះវីរភាពអង្គអាចក្លាហាន របស់បងប្អូនកងទ័ពនៅសមរភូមិមុខ ដែលកំពុងអនុវត្តតួនាទីភារៈកិច្ចបានយ៉ាងត្រឹមត្រូវ តាមបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។ លះបង់គ្រប់យ៉ាង រួមទាំងអាយុជីវិតក្នុងការបំពេញតួនាទីភារៈកិច្ចការពារដើម្បីបុព្វហេតុជាតិ និងប្រជាជន បន្តការការពារនូវសុខសន្តិភាពដែលប្រទេសយើងកំពុងមាន ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត់ឲ្យបានឋិតស្ថេរជារៀងរហូត ក្រោមម្លប់សុខសន្តិភាព ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយឯកឧត្តម ហុក វណ្ណធីណា ក៏បានក្រើនរំលឹកដល់បងប្អូនកងទ័ពទាំងអស់ មិនត្រូវប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ត្រូវថែរក្សាអនាម័យស្អាតជានិច្ច ចូលរួមគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវបើកបរនៅក្នុងស្ថានភាពស្រវឹង ពិសេសត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩ផងដែរ។

សូបជំរាបថា អំណោយដែលនាំមក ជួយឧត្ថម្ភដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨សម្រាប់ធ្វើការបែងចែកបន្តរួមមាន៖ ស្រាបៀ៣០០កេះ, ក្រម៉ា ចំនួន៥០០, សារុង ចំនួន៥០០, វិទ្យុទាក់ទងចំនួន៦០គ្រឿង, និងថវិកា ចំនួន៣ម៉ឺនដុល្លាអាមេរិច៕ សួនលីណា