អាជ្ញាធរ​ខេត្តកំពង់ចាម​ សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ថ្មី​ ជំនួស​លូ​ចាស់​​​ បន្ទាប់​ពី​ត្រូវ​រងការ​បាក់ស្រុត

0

កំពង់ចាម​:​ ដេីម្បី​ជៀសវាងបង្ក​គ្រោះថ្នាក់​ផ្សេងៗ​កេីត​ឡើង​ជាយថាហេតុ​នោះ អាជ្ញាធរ​ខេត្តកំពង់ចាម​ ប្រញាប់​ធ្វើ​ការ​​សាងសង់​លូ​បង្ហូរ​ទឹក​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​សំណង់​លូ​ចាស់​ត្រូវ​រងការ​បាក់ស្រុត​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​ ដែលបណ្តាល​ឲ្យ​ខូចខាត​ដល់​សួនច្បារ​មាត់​ទន្លេ​ក្នុង​ក្រុង​កំពង់ចាម​​។

គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​វេលាម៉ោង១២​:៣០នាទី រំលងអាធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ​ខែកញ្ញា​ ឆ្នាំ​២០២០នេះ​​ មាន​ករណី​បាក់លូូ​បង្ហូរទឹកចូលទន្លេ​ ទំហំ​ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ​ក្នុង​ភូមិទី៣​ សង្កាត់វាលវង់​ ក្រុង​កំពង់ចាម​ បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ​ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត​មនុស្សឡើយ។
បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ​ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីងតាំងពី​ជំនាន់​អាណានិគម​បារាំង​ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់​យ៉ាង​ខ្លាំងផងដែរ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពីការបាក់ស្រុតលូបង្ហូរទឹក​ បណ្តាលឲ្យរងការខូចខាតសួនច្បារមាត់ទន្លេ​ផងនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំ​មន្ត្រី​ជំនាញចុះ​ពិនិត្យ​ជា​បន្ទាន់​ ព្រមទាំង​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ធ្វើការ​សិក្សា​ចំពោះ​​បញ្ហា​នេះ​​ ដេីម្បី​ជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់​ ជៀសវាងបង្ក​គ្រោះថ្នាក់​ផ្សេងៗ​កេីត​ឡើង​ជាយថាហេតុ​ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​តំបន់​នោះ​ ផងដែរ​ ៕