ព្រះសីហនុ៖ ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត បានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ និងមានការចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងសមាជិកក្រុមការងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុផងដែរ។
គោលការណ៍ទូទៅសម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ការចែករំលែកបទពិសោធន៍ទាក់ទងនិងការងារបោះឆ្នោត និងទិសដៅការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខត្រូវបានធ្វើបទបង្ហាញពីសំណាក់វាគ្មិនសំខាន់ៗ មកពីក្រសួង ស្ថាប័នជំនាញនិង គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)ជាដើម។
ឯកឧត្តម សាយ សំអាល់ ចាត់ទុកថា វេទិកាដែលរៀបចំឡើងនៅពេលនេះពិតជាមានសារៈសំខាន់ សម្រាប់សមាជិកនៅតាមមូលដ្ឋានខេត្តព្រះសីហនុ បានស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការបោះឆ្នោតគឺបញ្ជាក់ពីការគាំទ្ររបស់ពលរដ្ឋ ចំពោះគណបក្សនយោបាយ។ ឆ្នាំ២០២២នឹងមានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយឆ្នាំ២០២៣នឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា។
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើតឡើងតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវបានប្រជាជនកម្ពុជាផ្ដល់ជំនឿទុកចិត្តបោះឆ្នោតជូនឲ្យទទួលបានជ័យជំនះជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។
សម្រាប់គណបក្សប្រជាជនកម្ពុជា
ការកសាងស្ពានសន្តិភាពគឺជាចំណុចសំខាន់និងចាំបាច់មិនអាចខ្វះបាន។សន្តិភាពនេះហើយគឺជាឱកាសដ៏ពិសិដ្ឋក្នុងស្តារសេដ្ឋកិច្ច មុខមាត់ កិត្យានុភាពប្រទេសជាតិ អោយចម្រើនរុងរឿងខ្លាំងក្លាថែមទៀត។
ការផ្សះផ្សារ បង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ការកសាងសុខសន្តិភាពពេញលេញ បានធ្វើអោយមានការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិ និងកត្តាគន្លឹះមួយនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។បច្ចុប្បន្នផ្លែផ្កានៃសន្តិភាពបាននឹងកំពុងធ្វើអោយប្រជាជនទទួលបានផលនិងទទួលអំណរសាទរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាល៕






































