អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត រួមនឹងសមិទ្ធផលមួយចំនួនទៀត ត្រូវបានសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី មាស សុភា!

0

(ព្រះវិហារ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងតំលៃប្រមាណជាង១១៧លានរៀល។

ពិធីនេះឋិតក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ស្រី ឌឹក អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិ អភិបាលរងខេត្ត និងសមាជិក គណៈកម្មាធិការសាខា អនុសាខា និងប្រជាពលរដ្ឋក្រីក្រជាច្រើនរូប នៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា «ការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទៅបាន គឺដោយសារកត្តាសុខសន្តិភាព ដែលករណីនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យនៅគង់វង្សយូរអង្វែង និងត្រូវប្រឆាំងដាច់ខាតអ្នកទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង»។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងជំរុញឲ្យរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខសន្តិភាពនៅតាមមូលដ្ឋាន របស់យើង និងត្រូវបន្តការគាំទ្រនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសក្នុងការកែទម្រង់គ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាបន្តទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា៖ អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ មានទំហំទទឹង ៧ម៉ែត្រ បណ្តោយ ៩ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង និងសមិទ្ធផលមួយចំនួនផ្សេងទៀត ដោយចំណាយថវិកាអស់ចំនួន ១១៧,៦០០,០០០រៀល។ នេះបើយោងតាមការលើកឡើងរបស់លោក យុង ហួត អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត។

លោក យុង ហួត បានបញ្ជាក់ឲ្យដឹងដែរថា សមិទ្ធផលដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត សម្រេចបាននូវថ្ងៃនេះ គឺបានមកពីការគាំទ្រយ៉ាងពេញទំហឹង ទាំងថវិកា និងស្មារតីរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមជាមួយនឹងការផ្ដួចផ្ដើមខ្ពស់របស់ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត និងលោកជំទាវ ច័ន្ទ សាមីស្រីឌឹក ព្រមទាំងបងប្អូនសម្រស់ជនជាច្រើននាក់ផ្សេងទៀត។

ជាកិច្ចបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា រួមជាមួយនឹងគណៈប្រតិភូអមដំណើរ ក៏បានអញ្ជើញជាអធិបតីប្រគល់សម្ភារៈជូនដល់មន្ត្រីអនុសាខាកាកបាទក្រហមស្រុក និងចែកអំណោយជូនដល់ពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារ អង្ករ២៥ គីឡូ, មី១ កេស, ត្រីខ១ យួរ, ទឹកស៊ីអីវ១ យួរ, អាហារបំប៉ន២០ កញ្ចប់, ទឹកសុទ្ធ១ កេស ទឹកផ្លែឈើ៥ កំប៉ុង និងថវិកា២០០០០ រៀល, យុវជនកាកបាទក្រហម១០ នាក់ អ្នកស្ម័គ្រចិត្ត ១០ ក្នុងម្នាក់ៗ ថវិកា ២០០០០ រៀល៕សួនលីណា