ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា   នៅពេលដែល Covid បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជាកាន់តែច្រើន

0

ខេត្តព្រះសីហនុ៖លោក  ម៉ៃឃែល តាន់ (Michael Tan)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេស កម្ពុជាក្នុងកិច្ចជំនួបពិភាក្សាការងារឈ្វេងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនលើទឹកដីខេត្តព្រះសីហនុ  ជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ លោក បានមានប្រសាសន៏ថា នៅពេលដែល Covid បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហ បុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត។

.លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ឯកឧត្ដមអគ្គរដ្ឋទូតប្រទេស ប្រទេសសឹង្ហបុរីដោយគូសបញ្ជាក់ថាប្រទេសសឹង្ហបុរីជាស្ថាបនិកបង្កើតអាស៊ានហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសឹង្ហបុរីតាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញ ដឹក ជញ្ជូនឆ្លងកាត់ទូទាំងប្រទេស ៧០ភាគរយ។ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ថ្វីត្បិតការអភិវឌ្ឍខេត្តមានការ យឺត យ៉ាវនៅហេដ្ឋារចនាសម្ព័ន្ធមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ ៣៤ខ្សែ និងត្រូវបញ្ចប់ នៅចុងខែមេសា ឆ្នាំ ២០២១ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។

.បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ជប៉ុនកសាងកំពង់ផែ ៤ដំណាក់កាលបន្តទៀតគឺចាប់ ពីឆ្នាំ២០២០ដល់២០២៥ពីរដំណាក់កាលបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹក១៣ម៉ែត្រចូលចតធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះជិតបួនដង នឹងបន្តទៅដំណាក់កាលទី៣ ទី៤ ឱ្យនាវាមានជម្រៅទឹក ១៤ម៉ែត្រចូលចត ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិអាចឱ្យយន្តហោះ ៣E ចុះចតបាន និងបន្តពង្រីកដល់ ៤Eដែលមានផ្លូវរត់រហូតដល់៣.២០០ម៉ែត្រ។ខេត្តព្រះសីហនុជាខេត្តផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិនៅទូទាំងប្រទេសបច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន១.០០០មេហ្គាវ៉ាត់ហើយការប្រើប្រាស់ក្នុងខេត្តក្នុងរង្វង់តែ១០០មេហ្គាវ៉ាត់។បញ្ហាទឹកស្អាតដោយសារឆ្នាំកន្លងមកជួបបញ្ហាប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុគក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិតទឹកស្អាតបានរហូត១០ម៉ឺនម៉ែត្រគីបហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ៧ម៉ឺនម៉ែត្រគីបរដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត២០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ខេត្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២កន្លែងដោយមានការការសហការជាមួយក្រុមហ៊ុនសឹង្ហបុរីផងដែរ  ។

លោក  អភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ យោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ។

 

.លោក  ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា

មានប្រសាសន៏បញ្ជាក់ថា ឆ្នាំនេះជាខួបកាទូតទី៥៥ រវាងប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជាដែលមាន ទំនាក់ ទំនងការទូត និងកិច្ចសហ ប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ចំណេះដឹងជាដើម ។ល។  ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា ឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន២ពាន់លានដុល្លា។បច្ចុប្បន្នក្រុមវិនិយោគសឹង្ហ បុរី ក៏មកធ្វើការវិនិយោគនៅគំរោងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនា សម្ព័ន្ធអាស៊ីទៅ វិញទៅមករវាងព្រះរាជាណាចក្រកម្ពុជាពិសេសខេត្តព្រះសីហនុ។ជាមួយនិងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន លោក  ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា សង្ឃឹមថានៅពេលដែល Covid បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើងថែមទៀត៕នាគសមុទ្រ