សៀមរាប : នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមក្នុងពិធីដាំកូនឈើ នៅ តំបន់ជាយជើងភ្នំគូលេន ដើម្បីបង្កើនធនធានព្រៃឈើ សំដៅប្រែក្លាយ តំបន់នេះ ឲ្យមានទេសភាពល្អ ស្អាត ប្រកបដោយគម្របពណ៌បៃតង ស្រស់ត្រកាល និងជួយទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា កំសាន្ដ ។ 
ពិធីនេះក៏មានការចូលរួម ពីលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តៀសមរាប អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា បងប្អូនប្រជា ពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង ៨០០នាក់ ដែលប្រារព្ធដាំ លើផ្ទៃដីជាង ៦ហិកតា ដែលជាទីសំណាក់ អាស្រម ស្ថិតនៅភូមិសំរោង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ កូនឈើដែលត្រូវដាំនៅពេលនេះ គឺមានចំនួន ២.៨៥០ដើម ជាប្រភេទឈើប្រណីត និងឈើជាច្រើន ប្រភេទទៀត ក្នុងនោះមាន កូនឈើគ្រញូង បេង យាង គគីរ ក្ងោក រួមទាំងកូនឈើ ប៉ុងអា មីញ៉ា ចំនួន ១០០ដើម ដែលបានមកពីប្រទេសបារាំង ។ 
លោក ឃឹម ប៊ុនសុង បានអាននូវសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ ដែលទាក់ទងនឹងការអភិរក្ស ការដាំដុះ និងការស្ដារព្រៃឈើឡើងវិញ របស់អាជ្ញាធរ អង្គការ ស្ថាប័ននានា និងប្រជាពលរដ្ឋនៅខេត្ត សៀមរាប ព្រមទាំងការបង្ករបង្កើនផលកសិកម្ម ដំណាំដាំដុះ ការចិញ្ចឹមសត្វ និងការប្រកបរបររបស់ ប្រជាពលរដ្ឋ រួមនឹងការអភិវឌ្ឍន៍នានារបស់ខេត្តផងដែរ ។ នៅក្នុងនោះ លោកបានបញ្ជាក់ថា សម្រាប់វិស័យព្រៃឈើ ជាក់ស្ដែងខេត្ត មានផ្ទៃដីព្រៃឈើសរុប ៤៧៦.៨២៤ហិកតា ស្មើនឹងជាង ៣១% នៃផ្ទៃដីសរុបរបស់ខេត្ត ។ មានស្ថានីយផ្សព្វផ្សាយ និងស្ដារ ព្រៃឈើ ចំនួន៣កន្លែង និងមានផ្ទៃដី ១.០៦០ហិកតា ។ 
ដោយឡែកនៅសៀមរាប មានថ្នាលបណ្ដុះកូន ឈើ២០កន្លែង ដែលមានសមត្ថភាពផលិតកូនឈើប្រចាំឆ្នាំបានប្រមាណ ២លានដើម ចែកចេញជា ឈើរយៈពេលវែង មធ្យម និងឈើហូបផ្លៃ ហើយមានសហគមន៍ព្រៃឈើសរុប ៥៤កន្លែង ស្មើនឹង ១៩.០១៦ហិកតា ព្រមទាំងចំការរុក្ខទិវាជាតិ និងចំការឈើសហស្សវត្ស ចំនួន ៥៣ហិកតា ផងដែរ ។ លោកស្រី ឧបនាយនរដ្ឋមន្ត្រី បានមានប្រសាសន៍ ក្នុងឱកាសដ៏ថ្លៃថ្លានោះថា ព្រៃឈើមានទំនាក់ទំនង ជាសារវន្ដជាមួយជីវិតនៅលើភពផែនដី ។ 
ហើយព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍ ដែលមិនអាចប៉ាន់ ប្រមាណបានដល់មនុស្សជាតិ ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ប៉ុណ្ណោះទេ ថែមទាំងបានជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យមានធាតុអាកាសមានភាពកាន់តែប្រសើរឡើង រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និងការពារជីវចម្រុះ ពោលគឺព្រៃឈើ មានទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធ ជាមួយកសិកម្ម ។ សរុបមកព្រៃឈើ គឺជាប្រភពផ្ដល់ការរស់រានមានជីវិត ដល់សត្ដនិករទាំងឡាយ នៅលើភពផែនដីយើង នេះ ។ 
ដូចនេះ ព្រៃឈើគឺសម្រាប់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាត្រូវចូលរួមរក្សា ការពារ និង ដាំកូនឈើ ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតនៅលើដីទំនេរ ពិសេសនៅតាមទីអារ៉ាម ភូមិដ្ឋាន និងនៅ ទីកន្លែងផ្សេងៗទៀត ឲ្យបានច្រើនជាអតិបរមា រួមទាំងការដាំដុះតំណាំផ្សេងៗ ការចិញ្ចឹមសត្វ និងវារី វប្បកម្ម ដើម្បីអភិវឌ្ឍន៍ភូមិស្រុកយើង និងធ្វើឲ្យបរិយាកាសកាន់តែល្អប្រសើរឡើង ៕



































