សៀមរាប:រដ្ឋបាលខេត្តសៀមរាបបានជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រៀមលក្ខណៈការពារចំពោះគ្រោះអន្តរាយដោយ ធម្មជាតិ នៅក្នុងរដូវវស្សា ព្រមទាំងជម្រុញដល់សមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់សាធារណៈ លើបញ្ហាចរាចរណ៍ សំខាន់ចំណតយានយន្ត នៅលើដងផ្លូវដែលបណ្តាលឲ្យកកស្ទះ (នៅតំបន់ផ្សារចាស់ ផ្សារលើ និង តាមមុខមន្ទីរពេទ្យ ,សាលារៀន ) ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលា ខេត្ត នាព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ។
បន្ទាប់ពីកិច្ចដំណើរការទៅតាមរបៀបវារៈ ដែលបានត្រៀមទុក សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវ បញ្ហាមួយចំនួន ផ្តោតទៅលើបញ្ហា គ្រប់គ្រងភ្នំគូលែន , ធារាសាស្ត្រ , សម្រួលលើកការងារចរាចរណ៍ដល់សិស្សសាលា បញ្ហាក្មេងទំនើងនៅតាមក្រុង ស្រុក ផងដែរ ។
មានប្រសាសន៍នោះដែរ លោក សំកុល សុចិត្រា ក្នុងនាមតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែមេសា ព្រមទាំងបាន ធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្ត បានដាក់ចេញក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និង ជលផល និង គ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប(តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹក តំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ ។ អាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមលក្ខណៈឲ្យបានគ្រាប់គ្រាន់ លើការគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតឡើងជាយថាហេតុ នៅក្នុងរដ្ូវវស្សានេះ ។ ត្រូវបង្កើនការអនុវត្តការងារភូមិ ឃុំសង្កាត់មានសុវត្ថិភាព ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានដំណើរការទៅក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី បានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និង សកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្តី្រធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និង តួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែមេសា ផងដែរ ។ ក្នុងនោះឯកឧត្តមបានជម្រុញដល់អាជ្ញាធរ ក្រុង ស្រុក និង សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តឹងលើការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតាមទី ប្រជុំជន ក្នុងក្រុង ស្រុក សំខាន់នៅការងារចរាចរណ៍នៅតាមទីផ្សារ សាលារៀន និង មន្ទីរពេទ្យជាដើម ៕