ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនដល់បងប្អូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣។
ពិធីនេះបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅអគារសាលប្រជុំទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង និងបងប្អូនយោធិនចូលនិវត្តន៍ មកពីតាមបណ្តាអង្គភាពកងពលតូចអន្តរាគមន៍ទាំងបីចំណុះ សរុបប្រមាណជាង២០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក បានលើកឡើងថា ក្នុងនាមឯកឧត្តម ជំនួសមុខឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សូមសំដែងនៅ
មនោសញ្ជេតនាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានចូលរួមធើ្វពលិកម្មយ៉ាងធំធេង ក្នុងចលនារំដោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នង។
ពិសេសចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យប្រទេសទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងលើកឡើងបន្តថា ចំពោះការដាក់យោធិនឱ្យចូលនិវត្តន៍ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ គឺជាការងារចូលរួមសកម្ម ក្នុងការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ ២០២០នេះ ការដាក់យោធិនឱ្យចូលនិវត្តន៍ គឺអនុវត្តន៍ទៅតាមច្បាប់សោធននិវត្តន៍ ចំពោះយោធិនអាជីពទាំងពីរភេទនៃកងយោធពលខេមរភូមិន្ទ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយជាតិសំខាន់ៗ ដូចជាការយកចិត្តទុកដាក់អនុវត្តគោលនយោបាយចំពោះយោធិន ពលី មរណៈ ពិការ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍អតីតយុទ្ធជន និងគ្រួសារ ចំពោះជាតិមាតុភូមិ ជាមួយនិងការយកចិត្តទុក ដាក់ដោះស្រាយជីវភាពបងប្អូន ទាំងថវិកា សម្ភារៈបរិក្ខារ ជាបន្តបន្ទាប់។
ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការផ្តាំផ្ញើរ ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២០នេះ ទោះបីបងប្អូនបានផ្ទេរភារកិច្ចទៅជាជនស៊ីវិលក្តី តែបងប្អូនត្រូវតែបន្តថែរក្សាប្រពៃណីល្អ របស់កងទ័ព ថែរក្សាសុខភាព ថែរក្សាតម្លៃកិត្តិយស ស្នាដៃនិងពលីកម្មរបស់បងប្អូនកន្លងមក ឲ្យក្លាយជាគំរូដ៏ល្អសម្រាប់លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ក៏ដូចជាចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បន្តថែរក្សាការពារបានល្អ នូវភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ នឹងត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់គ្រប់រូបភាព និងលទ្ធភាពរបស់ប្រទេសជាតិ។
ដោយយោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការកងពលធំ អន្តរាគមន៍លេខ៣ បានឲ្យដឹងដែរថា ចំពោះការបំពាក់ឋានន្តរសក្តិជូនដល់យោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ មានចំនួន ១៤៦នាក់៖ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ០១នាក់,ឧត្តមសេនីយ៍ត្រី ចំនួន ០៥នាក់,វរសេនីយ៍ឯក ចំនួន០៨នាក់,វរសេនីយទោ ចំនួន១៩នាក់,វរសេនីយ៍ត្រី ចំនួន១៨នាក់,អនុសេនីយ៍ឯក ចំនួន១៦នាក់,អនុសេនីយ៍ទោ ចំនួន១៨នាក់,អនុសេនីយ៍ត្រី ចំនួន២៣នាក់,នាយចំណង់ ចំនួន៣៨នាក់,និងបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៥គ្រឿង,ថ្នាក់មហាសេនា ចំនួន១៥គ្រឿង,ថ្នាក់ធិបឌិន្ទ ចំនួន០៧គ្រឿង,ថ្នាក់សេនា ចំនួន១០គ្រឿង,ថ្នាក់អស្សឫទ្ធិ ចំនួន៩២គ្រឿង,និងថ្នាក់សេនាជ័យសិទ្ធិ ចំនួន០៧គ្រឿង៕ សួនលីណា




































