មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្តល់បរិក្ខារពេទ្យសម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ជូនដល់នាយកសាលាចំនួន២០មកពីក្រុងស្ទឹងសែន

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការរង និងសហការី បានធ្វើពិធីប្រគល់សម្ភារៈបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនដល់លោកគ្រូ អ្នកគ្រូ លោកនាយកសាលាចំនួន២០ ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែនចំនួន១១ សាលា និងស្រុកកំពង់ស្វាយ ចំនួន ០៩ សាលា ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមេរោគកូវីដ-១៩ កំពុងឆ្លងរីករាលដាលនៅលើពិភពលោក ដែលបណ្តាលឲ្យមនុស្សជាង៣៧ លាននាក់បានឆ្លងមេរោគ និងមនុស្សជិត ១លាននាក់ នៅប្រទេសកម្ពុជាក៏មានអ្នកឆ្លងមេរោគកូវីដ-១៩ មានចំនួន២៧៧នាក់ តែជាសះស្បើយ២៧៥ នាក់ ០២នាក់ ដែលកំពុងព្យាបាល ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណតគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងក្រសួងសុខាភិបាល មានវិធានការយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាព ក្នុងការ ទប់ស្កាត់ការឆ្លងមេរោគកូវីដ នៅក្នុងប្រទេសកម្ពុជា ក្នុងពេលនេះ រាជរដ្ឋាភិបាលសម្រេចឲ្យសាលារៀនបង្រៀនឡើងវិញ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បានជួយបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលារៀន ក្នុងទូទាំងខេត្ត ជាច្រើនសាលា តាមសំណូមពររបស់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដើម្បីការពារដល់សុខមាលភាព លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងពេលដែលចូលបំពេញការសិក្សាឡើងវិញ ។

ចំណែកបរិក្ខាពេទ្យដែលបានផ្តល់ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្នុងមួយសាលាទទួលបានម៉ាសចំនួន៣០០ ម៉ាស,ជែល និងទឹកអាកុលសម្រាប់លាងដៃ ចំនួន១០លីត្រ លោកយឹម សុទ្ធាវី នាយកវិទ្យាល័យហ៊ុន សែន បល្ល័ង្ក តំណាងឲ្យ លោកគ្រូ អ្នកគ្រូទាំង២០សាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ក្នុងកិច្ចការពារទប់ស្កាត់ ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដល់សាលានៅទូទាំខេត្តកំពង់ធំ តំណាងលោកគ្រូ អ្នកគ្រូបានសូមគោរពជូនពរដល់ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ និងសហការី សូមបានជួបប្រទះតែនឹងពុទ្ធពរ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ដោយ ប៊ុន រដ្ឋា