មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគល់ថវិកាឧបត្ថម្ភមាតុភាពជូនដល់យោធិននារីដែលបានសម្រាកលំហែរមាតុភាពចំនួន០៣រូប

0

ខេត្តកំពង់ធំ៖ យោធិននារី៣រូប នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានទទួលថវិកាលំហែរមាតុភាព ពីក្រសួងការពារជាតិពិធីប្រគល់នេះ ត្រូវបានធ្វើនៅសាលប្រជុំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យពាក់ព័ន្ធ និងក្រុមការងារយ៉េនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីលិខិតលេខ០៣៩ របស់អគ្គនាយកដ្ឋានភស្តុភារហិរញ្ញនៃក្រសួងការពារជាតិស្តីពី គោលការកំណត់និងលក្ខ័ន្ឋមុខសញ្ញាដែលត្រូវទទួលបាននូវប្រាក់ឧបត្ថម្ភ លំហែរមាតុភាព សម្រាប់យោធិននារីក្រោយពេលដែលសម្រាលបុត្ររួចហើយ ។

យោធិននារី ដែលត្រូវទទួលបានកញ្ចប់ថវិកាលំហែរមាតុភាព ទី១អនុសេនីយ៍ត្រី សាម ស៊ីណាត់ អាយុ៣៣ ឆ្នាំ អង្គភាព ផ្នែកសឹករងប្រាសាទសំបូរ ទី២ព្រិន្ទបាលឯក សោម ស៊ុនដានី អាយុ៣៤ ឆ្នាំជំនួយការលេខាធិការដ្ឋាននៃអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងទី៣ព្រិន្ទបាលឯក សៀក សុភ័ក្ត្រា អាយុ២៦ ឆ្នាំអង្គភាពផ្នែកសឹករងស្ទឹងសែន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះប្រមុខរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់យោធិនគ្រប់រូប ពិសេសយោធិននារី ក្នុងពេលសម្រាលបុត្រ ដែលត្រូវជួបការលំបាកផ្សេងៗផ្នែកបញ្ហាសុខភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់យោធិននារី របស់យើងត្រូវខិតខំថែរក្សាសុខភាព ខិតខំធ្វើជាមេផ្ទះដ៏ល្អសម្រាប់ក្រុមគ្រួសារ ដើម្បីគ្រួសារនីមួយៗមានសុភមង្គល ដូចពាក្យស្លោកមួយឃ្លាពោលថា ” សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយរងសេនាធិការ និងជាប្រធានក្រុមការងារយ៉េនឌ័រ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាន ផ្តល់កិត្តិយសជូនដល់យោធិននារី ជាកងយោធពលខេមរភូមិន្ទ។ ដោយ ប៊ុន រដ្ឋា